(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានអនុញ្ញាត ឲ្យលោក លី យីអាន អគ្គនាយក ក្រុមហ៊ុន ឌុន អាន (ខេមបូឌា) គ្រុប ចូលជួបសម្តែងការគួរសម ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជូនអំណោយម៉ាសចំនួន៥កេះ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់បញ្ជាការដ្ឋាន។
ពិធីនេះ បានធ្វើឡើងនៅបញ្ជាដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានីភ្នំពេញ។
សកម្មភាពទាំងនេះ ពិតជាសរបញ្ជាក់ឲ្យឃើញ ពីកាយវិការប្រកបដោយសប្បុរស និងជាការរួមចំណែកមិនអាចខ្វះបានពីផ្នែកឯកជន នៅក្នុងការចូលរួមដោះស្រាយ បញ្ហាប្រឈមរួម ដែលប្រទេសជាតិ កំពុងជួបប្រទះនាពេលបច្ចុប្បន្ន គឺជំងឺ COVID-19 ហើយម៉ាសពីក្រុមហ៊ុន ឌុន អាន (ខេមបូឌា) គ្រុបនេះ នឹងយកទៅប្រើប្រាស់ ក្នុងសកម្មភាព បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19។
សូមជម្រាបថា រហូតមកដល់ពេលនេះ មានអ្នកជំងឺចំនួន៧៧នាក់ហើយ បានជាសះស្បើយ ហើយត្រូវបានចាកចេញពីមន្ទីរពេទ្យមួយចំនួន ក្នុងប្រទេសកម្ពុជា ខណៈដែលអ្នកកំពុងសម្រាកព្យាបាលសរុប នៅក្នុងប្រទេសកម្ពុជា មានចំនួន៤៥នាក់ ក្នុងចំណោមកូវីដ១២២ករណី គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០៕