(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២ទៀត សរុបទុនវិនិយោគជាង៨លានដុល្លារ ដែលផ្តល់ការងារថ្មី ជាច្រើនពាន់កន្លែង។
តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
ទី១៖ CAMBODIAN FG-XN PACKAGING INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៤.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥១៦កន្លែង។
ទី២៖ NAMPER PACKAGING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៣.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២២២កន្លែង៕