(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ មិនត្រឹមតែដាក់ទីតាំង ដើម្បីវាស់កំដៅនៅច្រកចូលសាលារាជធានីភ្នំពេញប៉ុណ្ណោះទេ គឺបានសម្រេចដាក់ម៉ាស៊ីនស្កេនកំដៅ មួយទីតាំងទៀត នៅចំណុចអង្គភាពច្រកចេញចូលតែមួយ ដែលជាច្រកទទួលសេវាផ្សេងៗពីសំណាក់ប្រជាពលរដ្ឋ ដើម្បីធានាបានថា មន្ត្រីរដ្ឋបាលរាជធានី និងអ្នកដែលចូលមកទទួលសេវាផ្សេងៗ ពីរដ្ឋបាលរាជធានីមិនមានការផ្ទុកនូវជំងឺ COVID-19។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់គោលដៅចំនួនពីរ ដើម្បីវាស់កម្ដៅទៅលើបុគ្គលិក មន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋ ដែលមកទទួលសេវាពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់មួយគោលដៅ នៅចំណុចច្រកចូល នៃសាលារដ្ឋបាលរាជធានីភ្នំពេញ និងមួយទីតាំងទៀត គឺបំពាក់ម៉ាស៊ីនស្កេនកំដៅ នៅចំណុចអង្គភាពច្រកចេញចូលតែមួយ ហើយអង្គភាពច្រកចេញចូលតែមួយនេះ គឺតម្រូវឲ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែឆ្លងកាត់នូវម៉ាស៊ីនស្កេនថ្មីនេះ។
លោកអភិបាល ក៏បានបញ្ជាក់ផងដែរថា ការដាក់នូវម៉ាស៊ីនស្កេនកំដៅថ្មីមួយបន្ថែមទៀតនេះ គឺដើម្បីធានាឲ្យបាននូវការឆ្លងជំងឺ COVID-19 ។ ចំពោះមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋដែលមកទទួលសេវា នៅរដ្ឋបាលរាជធានីភ្នំពេញ បើមិនឆ្លងកាត់នូវការស្កេនកម្ដៅនិងការវាស់កំដៅទេ គឺមិនអនុញ្ញាតឲ្យចូលមក ក្នុងសាលារាជធានីភ្នំពេញនោះទេ។
បន្ថែមពីលើនេះទៀត លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់មន្ត្រីរាជការ របស់រដ្ឋបាលរាជធានីភ្នំពេញ ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្ត ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស លាងដៃនិងសំអាតអនាម័យ ឲ្យបានស្អាតជៀសវាងនូវការឆ្លងរាលដាលវីរុសកូរ៉ូណា-១៩នេះ៕