(កំពង់ធំ)៖ សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល និងជា អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ ជាប្រធានក្រុមការងារចុះជួយស្រុកស្ទោង លោក ជា ចាន់តូ បានប្រកាសប្តេជ្ញាគាំទ្រ បេក្ខភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបន្តទៀត សម្រាប់អាណត្តិក្រោយៗ។
នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៦នេះ លោក ជា ចាន់តូ បានដឹកនាំសមាជិក សមាជិកា លោកគ្រូ អ្នកគ្រូ សកម្មជនយុវជន គណបក្សប្រជាជនកម្ពុជាជាង១៦០០នាក់ បានអញ្ជើញចូលរួម ខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩-០៧ មករា ២០១៦) ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋកម្ពុជានៅទីស្នាក់ការបក្សស្រុកស្ទោង។
លោក ជា ចាន់តូ បានថ្លែងថា នេះជាការរំលឹកខួប នូវថ្ងៃកំណើតទី២ នៃការរស់រានមានជីវិត របស់ ប្រជា ពលរដ្ឋខ្មែរនេះ គឺដើម្បីរំលឹក ដល់ ប្រជាពលរដ្ឋ ជាពិសេស ស្រទាប់យុវជន ឲ្យយល់ច្បាស់ ចងចាំជានិច្ច និង ដឹងគុណជានិច្ចនៃថ្ងៃ៧ មករា ១៩៧៩ និងស្នាដៃធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្ស ប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងមាតុភូមិតាំងពីដំណាក់កាលសង្គ្រោះជាតិ រហូតមកដល់បច្ចុប្បន្ន និងប្ដេជ្ញាការពារ មិនឲ្យមានរបបនេះវិលមកជាលើកទី២។
ថ្លែងក្នុងឱកាសនោះដែរ លោក បានរំលឹកឡើងវិញពី សោកនាដកម្ម ក្នុងរបប៣ឆ្នាំ ៨ខែនិង២០ថ្ងៃ ដែលប្រជាជនកម្ពុជា ទទួលរងនូវទុក្ខវេទនា រស់នៅក្នុងគុក ឥតជញ្ជាំង ដោយ ពួកប៉ុលពត បាន បង្ខិតបង្ខំប្រជាជន ឲ្យធ្វើការលើសកម្លាំងហូបចុក មិនគ្រប់គ្រាន់ និងបិទសិទ្ធសេរីភាព គ្រប់បែបយ៉ាង មិនត្រឹមតែប៉ុណ្ណោះពួកវាបានកាប់សម្លាប់ និងធ្វើទារុណកម្ម លើប្រជាជនឯងយ៉ាងសាហាវព្រៃផ្សៃបំផុត។
លោកបញ្ជាក់ថា "រហូតដល់ថ្ងៃរំដោះ ៧មករា១៩៧៩ របបដ៏យង់ឃ្នងនេះ ត្រូវបានផ្ដួលរំលំ ដោយសារ កម្លាំង មហាសាមគ្គី របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គុណបំណាច់ ដ៏ធំធេងនេះ ប្រជាជនកម្ពុជាចងចាំជានិច្ចនិងមិនអាចបំភ្លេចបានឡើយថ្ងៃ៧មករាគឺជាថ្ងៃកំណើតទី២ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មិនអាចបំភ្លេចបាន ដោយសារ មានថ្ងៃរំដោះ៧មករា ទើបប្រជាពលរដ្ឋកម្ពុជាយើង អាចរស់រានមាន ជីវិតឡើងវិញ និងមាន សេរីភាព រហូតមកដល់បច្ចុប្បន្ននេះ"។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ បានសង្គ្រោះមាតុភូមិកម្ពុជាដ៏កំសត់ឲ្យរស់ឡើងវិញ អ្វីៗគ្រប់យ៉ាងចាប់ផ្តើមពីបាតដៃទទេស្អាត ក្រោយពីរបបខ្មែរក្រហម បានកំទេចគ្មានសល់នូវអ្វីដែលជាសមិទ្ធផលពីសង្គមចាស់។ ការស្ដារប្រទេស ត្រូវចាប់ផ្តើមចេញពី ចំណុចក្រោមសូន្យ។ មកដល់ថ្ងៃនេះ កម្ពុជា មានអគារខ្ពស់ ទំនើបៗ មានហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ថ្មីៗជាច្រើន មានធនធានមនុស្សគ្រប់ផ្នែក មនុស្សមាន សិទ្ធិសេរីភាព មានកម្មសិទ្ធ ដែលទទួលបានផលពីផ្នែកនានានៃសង្គម និងគ្រប់វិស័យទាំងអស់។ ទៅថ្ងៃ អនាគត កម្ពុជានឹងមានការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត ដូចបណ្ដាប្រទេសអភិវឌ្ឍន៍នៅក្នុងពិភពលោក៕