(ភ្នំពេញ)៖ កម្មវិធីជ្រើសរើសតារាបង្ហាញម៉ូដ តំណាងឲ្យកម្ពុជា ដើម្បីទៅចូលរួមប្រកួតលក្ខណៈអន្តរជាតិ រៀបចំដោយក្រុមហ៊ុន Eco Madia Asia មានឈ្មោះថា«Face of Cambodia2016» នឹងផ្ដល់ឱកាសដល់ តារាបង្ហាញម៉ូដកម្ពុជាជំនាន់ថ្មី បានបញ្ចេញសមត្ថភាពរបស់ខ្លួន នៅលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនៅក្នុងប្រទេសកូរ៉េ នាខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ មានឈ្មោះថា«Asia Model Festival 2016» ដែលមានតារាបង្ហាញម៉ូដ មកពីជាង២០ប្រទេសក្នុង តំបន់អាស៊ី ចូលរួមប្រកួតប្រជែង។
នៅសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ កម្មវិធី «Face of Cambodia2016» បានចុះផ្សព្វផ្សាយបន្ថែមទៀត ក្នុងដំណាក់ទី២ ខណៈដែលកម្មវិធីទាំងមូល ទទួលបានបេក្ខជន-បេក្ខនារី៣០០នាក់ហើយ សម្រាប់ការចូលរួមប្រកួតប្រជែង ព្រឹត្តិការណ៍ប្រចាំឆ្នាំលក្ខណៈអន្តរជាតិនេះ។ ក្រុមការងារ ក៏ដូចជាតារាម៉ូដែល ជាច្រើននាក់បានចុះផ្សព្វផ្សាយ ដោយផ្ទាល់ដល់យុវវ័យ តាមតំបន់មួយចំនួន រួមមាន កោះពេជ្រ វិមានឯករាជ្យ សួនកម្សាន្តមុខណាហ្គាវើល និងតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញ ជាច្រើនកន្លែងទៀត ដោយពួកគេបានធ្វើដំណើរតាមរយៈម៉ូតូធំ ។
Face of Cambodia2016 គឺជាកម្មវិធីប្រកួតប្រជែង ជ្រើសរើសកំពូលតារាបង្ហាញម៉ូដ តំណាងប្រទេសកម្ពុជា ហើយបេក្ខជន-បេក្ខនារីជ័យលាភីលេខ១ នឹងទទួលបានប្រាក់១ម៉ឺនដុល្លារ និងមានឱកាសចូលរួមប្រកួត នៅវគ្គផ្ដាច់ព្រ័ត្រ លំដាប់ថ្នាក់អន្តរជាតិ នៅក្នុងប្រទេសកូរ៉េ ក្នុងកម្មវិធី Asia Model Festival 2016 ដែលមានការចូលរួមជាង២០ប្រទេស ក្នុងតំបន់អាស៊ី រួមមាន កូរ៉េខាងត្បូង ចិន ជប៉ុន តៃវ៉ាន់ ឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាលេស៊ី ឥណ្ឌា ហ្វីលីពីន ហុងកុង និងបណ្ដាប្រទេស ជាច្រើនទៀត។
កម្មវិធី Face of Cambodia2016 បានធ្វើឡើងក្នុងគោលបំណង បង្កើនចំណេះដឹង និងយល់ដឹងពីការតុបតែងខ្លួន ជាមួយនឹងការច្នៃម៉ូដ សម្លៀកបំពាក់ប្លែកៗ ទាន់សម័យ ជាពិសេសកម្មវិធីនេះនឹងក្លាយជា វេទិកាមួយចូលរួមចំណែកលើកស្ទួយ អភិវឌ្ឍវិស័យសិល្បៈខ្មែរ និងផ្ដល់ឱកាសដល់ប្អូនៗជំនាន់ថ្មី ដែលជាទំពាំងស្នងឫស្សី បានបញ្ចេញនូវសមត្ថភាព ទេពកោសល្យសិល្បៈរបស់ខ្លួន និងផ្លាស់ប្ដូរបទពិសោធន៍ នៃការដើបង្ហាញម៉ូដ និងឈានទៅរក កម្មវិធីលំដាប់ថ្នាក់អន្តរជាតិ ។
សូមបញ្ជាក់ថា កម្មវិធី «Face of Cambodia2016» នឹងចាប់ផ្ដើមឡើងនៅក្នុងខែមករា ឆ្នាំ២០១៦ខាងមុខនេះ ដោយមានរយៈពេល១០សប្ដាហ៍ ហើយការទទួលពាក្យ ចូលរួមប្រកួត តាំងពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៥ មកម្ល៉េះ ខណៈកន្លែងលក់ពាក្យ និងដាក់ពាក្យ គឺនៅក្នុងស្ថានីយទូរទស្សន៍ CNC ។ ក្នុងវគ្គផ្ដាច់ព្រ័ត្រ គឺមានតែបេក្ខជន២រូប និងបេក្ខនារី២រូប ប៉ុណ្ណោះ ដែលកម្មវិធីនឹងជ្រើសរើស ឲ្យចូលរួមប្រកួតលក្ខណៈអន្តរជាតិ ក្នុងព្រឹត្តិការណ៍ «Asia Model Festival 2016» នៅក្នុងប្រទេសកូរ៉េ នាខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ៕
Face of Cambodia 2016 Coming soon On CNC
Posted by Viseth Real on Wednesday, January 6, 2016