(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នះ បានចេញសេចក្តីណែនាំថ្មីមួយ ស្ដីពីការលើកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត។
សេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងអប់រំបានឲ្យដឹងថា ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ១៩ ក្រសួងអប់រំសូមលើកទឹកចិត្តឱ្យ គ្រឹះស្ថានសិក្សាឯកជន លើកកម្ពស់ការបង្រៀន និងរៀនតាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក ដើម្បី ផ្តល់ឱកាសឱ្យសិស្សានុសិស្ស អាចបន្តការសិក្សា និងកាត់បន្ថយហានិភ័យដែលសិស្សនិស្សិតអាចនឹងប្រឈមមុខ នៅពេលដែលគេទៅជួបជុំនៅកន្លែង ដែលមានហានិភ័យខ្ពស់ ក្នុងគោលដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងស្មារតីធានាប្រសិទ្ធភាព នៃវិធានការនេះក្រសួងសូមធ្វើការណែនាំដូចខាងក្រោម៖
ទី១៖ គ្រឹះស្ថានសិក្សាដែលកំពុងដំណើរការការបង្រៀន និងរៀនតាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក ត្រូវរៀបចំរៀងៗខ្លួននូវយន្តការ និងប្រតិទិននៃការបង្រៀន រៀន និងការវាយតម្លៃ តាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក ឱ្យបានត្រឹមត្រូវ ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការបង្រៀន រៀន និងការវាយតម្លៃ ។
ទី២៖ ចំពោះសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងនឹងអនុញ្ញាតឱ្យរៀបចំការប្រឡង តាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក ទៅតាម ប្រតិទិនគ្រឹះស្ថានសិក្សារៀងៗខ្លួន ដោយធានានូវស្តង់ដាគុណភាព ដែលអាចទទួលយកបាន។ ក្នុងករណីចាំបាច់ ក្រសួងអប់រំ យុវជន និងកីឡា នឹងចូលរួមសហការជាមួយគ្រឹះស្ថានសិក្សា ដើម្បីធានានូវស្តង់ដាគុណភាពនេះ។
ទី៣៖ គ្រឹះស្ថានសិក្សាដែលអនុវត្តតាមការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា អាចចេញសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានការទទួលស្គាល់ពីក្រសួង អប់រំ យុវជន និងកីឡា ប៉ុន្តែសាមីគ្រឹះស្ថានសិក្សា ត្រូវចុះហត្ថលេខាដោយខ្លួនឯង ។ ក្រសួងនឹងចុះអធិការកិច្ច តាមការចាំបាច់ ដើម្បីធានានូវគុណភាពនៃសញ្ញាបត្រ ។
ទី៤៖ ក្រសួងអប់រំ យុវជន និងកីឡាសូមលើកទឹកចិត្តដល់មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប ត្រូវជំរុញ និងត្រួតពិនិត្យឱ្យកូនចៅធ្វើការសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក តាមប្រតិទិនដែលគ្រឹះស្ថានសិក្សាបានកំណត់ និងត្រូវជំរុញការធ្វើស្វ័យសិក្សានៅតាមផ្ទះ ដើម្បីកុំឱ្យកូនទៅកន្លែងមួយចំនួន ដែលប្រឈមនឹងការឆ្លងខ្ពស់ ។
ទី៥៖ គ្រឹះស្ថានសិក្សាត្រូវធានាស្តង់ដាសុខភាព និងសុខុមាលភាពរបស់បុគ្គលិក និងសិស្សានុសិស្ស ដោយមិនត្រូវមានការចាប់បង្ខំ និងត្រូវរៀបចំកាលវិភាគការងារ ដែលជួយដល់បុគ្គលិក និងសិស្សានុសិស្សដែល កំពុងស្ថិតនៅក្នុងស្ថានភាពដែលមិនធម្មតានេះ។
ទី៦៖ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់ម្ចាស់ទីតាំងដី ដែលត្រូវបានជួលសម្រាប់ដំណើរ ការគ្រឹះស្ថានសិក្សាមួយចំនួន ឱ្យបញ្ចុះតម្លៃឈ្នួលតាមភាពជាក់ស្តែង ដើម្បីដោះបន្ទុកមួយចំនួន ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងរកដំណោះស្រាយឈ្នះឈ្នះ សម្រាប់ទាំងអស់គ្នា។
ទី៧៖ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់ធនាគារជាតិនៃកម្ពុជា សូមធ្វើអន្តរាគមន៍ជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ដែលបានផ្តល់ប្រាក់កម្ចី ដល់គ្រឹះស្ថានសិក្សាមួយចំនួន សូមឱ្យពិចារណាបញ្ចុះអត្រាការប្រាក់ និងពន្យារការទូទាត់សំណង ទៅតាមលទ្ធភាព ដើម្បីដោះបន្ទុកមួយចំនួន ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩៕