(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសដំណឹងល្អឲ្យដឹងថា ថ្ងៃនេះមិនមានករណីឆ្លងថ្មីនៃជំងឺកូវីដនោះទេ ចំណែកអ្នកជាសះស្បើយក៏មិនមានដែរ ខណៈអ្នកជាសះស្បើយសរុបមានចំនួន៧៧នាក់។
ដោយឡែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៤៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩។
អ្នកព្យាបាលជាសះស្បើយ សរុបកើនដល់៧៧នាក់ (ស្មើនឹង៦៣,១១ភាគរយ ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់ ដែលមានបុរសជនជាតិចិន០១នាក់ ស្រ្តីជនជាតិអង់គ្លេស៣នាក់ បុរសជនជាតិអង់គ្លេស១នាក់ បុរសជនជាតិប៊ែលហ្សិក១នាក់ បុរសជនជាតិបារាំង១២នាក់ (ក្នុងនេះ មានទារកអាយុ០៤ខែ) ស្រ្តីជនជាតិបារាំង១៣នាក់ បុរសជនជាតិម៉ាឡេស៊ី១០នាក់ បុរសជនជាតិខ្មែរ៣២នាក់ និងស្រ្តីជនជាតិខ្មែរ០៤នាក់ (គិតចាប់ពីខែមករា ដល់បច្ចុប្បន្ននេះ)។
* អ្នកដែលកំពុងសម្រាកព្យាបាល សរុបចំនួន៤៥នាក់ (ស្រ្តី១៨នាក់ និងបុរស២៧នាក់) នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។
* អ្នកជំងឺកូវីដ១៩ ដែលរកឃើញទាំងអស់ (រាប់ទាំងអ្នកដែលបានជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល) នៅទូទាំងប្រទេសសរុបចំនួន១២២ (ស្រ្តី៣៨នាក់ និងបុរស៨៤នាក់)
* ចំនួនវត្ថុសំណាកដែលបានធ្វើវិភាគសរុបមាន ៨.៩០៩សំណាក ដែលចំនួននេះ ប្រសិនបើគិតក្នុងចំណោមប្រជាជន០១លាននាក់ មាន៥៥៦សំណាក ដែលត្រូវបានធ្វើវិភាគ ដែលមានចំនួនច្រើនជាងបណ្តាប្រទេសក្នុងអាស៊ានមួយចំនួន ដូចជាប្រទេសភូមា មាន២៦សំណាក ក្នុងចំណោមប្រជាជន១លាននាក់ ប្រទេសឡាវ មាន១៥៧សំណាក ក្នុងចំណោមប្រជាជន១លាននាក់ ប្រទេសឥណ្ឌូនេស៊ីមាន៧១សំណាក ក្នុងចំណោមប្រជាជន១លាននាក់ និងប្រទេសហ្វីលីពីន មាន៣០៩សំណាក ក្នុងចំណោមប្រជាជន១លាននាក់៕