(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ រោងចក្រលើសពី៩៥% បានដំណើរការការងារជាធម្មតា ខណៈកម្មកររោងចក្រមួយចំនួនក៏បានមក ធ្វើការជាធម្មតាវិញ និងរោងចក្រមួយចំនួនដែលបិទកាលពីសប្តាហ៍មុនក៏បានបើកដំណើរការវិញដែរ។
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមម៉ោង ៧:៣០នាទីព្រឹកនេះ រោងចក្រទាំងអស់ដែលបានដំណើរការកាលពីថ្ងៃសៅរបានបើកដំណើរការធម្មតា។ បន្ថែមពីនេះនៅខេត្តស្វាយរៀង រោងចក្រដែលបានឈប់សម្រាកកាលពីថ្ងៃសៅរ៍ ក៏បានបើកដំណើរការវិញនៅថ្ងៃនេះ។ ជារួមគឺរោងចក្រលើស៩៥%បានដំណើរការ រីឯកម្មកររោងចក្រក៏បានមកធ្វើការធម្មតា។ សូមបញ្ជាក់ថាកម្មករនិយោជិត ដែលបានឈប់ការងារក្នុងអំឡុងពេលចូលឆ្នាំនេះ នឹងត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃក្រោយចូលឆ្នាំ។ កម្មករនោះនឹងមិនទទួលបានប្រាក់បៀវត្សទេ ប្រសិនជាឈប់ដោយគ្មានការអនុញ្ញាតពីរោងចក្រ។
ការបន្តធ្វើការក្នុងរោងចក្រដូចធម្មតា មិនឈប់សម្រាកទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ជាប្រការដ៏សមស្របមួយក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ពិសេសដើម្បីការពារភូមិដ្ឋានសហគមន៍នៅ ឯស្រុកកំណើតរបស់ខ្លួនពីជំងឺកូវីដ-១៩៕