(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងឲ្យដឹងនៅមុននេះបន្តិចនាព្រឹកថ្ងៃនេះថា ជនដៃដល់ដែលកាប់សម្លាប់ជនរងគ្រោះ មួយគ្រួសារមានគ្នា ៧នាក់ បណ្តាលឲ្យស្លាប់ស្រ្តីជាម្តាយ និងកូនស្រីអាយុ១៣ឆ្នាំ នៅតំបន់ក្បាលឆាយ ខេត្តព្រះសីហនុ គឺដោយសារតែជម្លោះសត្វមាន់មួយក្បាលតែប៉ុណ្ណោះ។
ការថ្លែងប្រាប់ឲ្យដឹងខាងលើនេះ ធ្វើឡើងនៅក្នុងសន្និសិទកាសែតនាព្រឹកថ្ងៃទី០៨ ខែមករានេះ បង្ហាញមុខឃាតកដែលទើបនឹងចាប់បានកាលពីម្សិលមិញ។
សម្រាប់ករណីឃាតកម្មនេះ ត្រូវបានលោកស្នងការប្រាប់ថា ជារឿងគំនុំខឹងជេររឿងជម្លោះសត្វមាន់មួយក្បាល នៅផ្ទះជិតខាងគ្នា, ហើយជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ និងធ្លាប់ប្រព្រឹត្តបទល្មើស ជាច្រើនផងដែរ នាពេលកន្លងទៅ។ សូមបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០១:៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ កើតឡើងនៅភូមិ១ សង្កាត់១ ខេត្តក្រុងព្រះសីហនុ ខណ:ប្តី និងជាឪពុកចេញទៅនេសាទបាត់។
នៅក្នុងសន្នសីទកាសែតនាព្រឹកនេះ លោកឧត្តមសេនីយ៌ស្នងការ បានបញ្ជាក់ពីដំណើររឿងថា មុនពេលកើតហេតុជនសង្ស័យ និងប្រពន្ធកូនរបស់ខ្លួន មករស់នៅតំបន់ក្បាលឆាយជាមួយស្រ្តីកាន់សាសនាគ្រឹស្តម្នាក់ នៅក្បែរផ្ទះជនរងគ្រោះ ។ ដោយមុនពេលកើតហេតុ២ថ្ងៃ ជនសង្ស័យបានចាប់មាន់មួយក្បាលធ្វើម្ហូបស្រាប់តែ ជនរងគ្រោះបានចោទថា ជនសង្ស័យចាប់ និងលួចមាន់របស់ខ្លួន រហូតជេរបញ្ចោ មិនឈប់ឈរបើទោះបី ជនសង្ស័យអះអាងថា ជាមាន់របស់ស្រ្តីដែលខ្លួនរស់នៅជាមួយក៏ដោយនោះ។ ដោយសារតែខឹងខាងជនរងគ្រោះនៅតែចោទ និងជេរហើយជេរទៀត ទើបជននេះបានយកពូថៅមកកាប់ជនរងគ្រោះដល់ផ្ទះប៉ងសម្លាប់មួយពូជ បណ្តាលឲ្យស្លាប់ស្រ្តីជាម្តាយ និងកូនស្រីអាយុ១៣ ខណ:៥នាក់ទៀត រងរបួសធ្ងន់។
សូមបញ្ជាក់ថា ជនដៃដល់ដែលកាប់សម្លាប់ជនរងគ្រោះមួយគ្រួសារមានគ្នា៧នាក់ បណ្តាលឲ្យស្លាប់ស្រ្តីជាម្តាយ និងកូនស្រីអាយុ១៣ឆ្នាំ នៅតំបន់ក្បាលឆាយ នោះត្រូវបានកម្លាំងនគរបាលចាប់ខ្លួន បាននៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅស្រុកមុខកំពូលខេត្តកណ្តាល៕
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ធ្វើសន្និសីទព័ត៌មានបង្ហាញបុព្វហេតុនាំ ឲ្យមានឃាតកម្មកាប់សម្លាប់ពលរដ្ឋចាស់-ក្មេងមួយគ្រួសារនៅខេត្តព្រះសីហនុ ក្រោយឃាតកត្រូវបានចាប់ខ្លួន។
Posted by Fresh News on Thursday, January 7, 2016
សមត្ថកិច្ចបង្ហាញមុខ ជនសង្ស័យ លុយ សុភក្រ្ត័ ដែលកាប់សម្លាប់មនុស្សចាស់-ក្មេង មួយគ្រួសារនៅខេត្តព្រះសីនុ ព្រោះតែរឿងមាន់មួយក្បាល។
Posted by Fresh News on Thursday, January 7, 2016