(ភ្នំពេញ)៖ នៅវេលាម៉ោង ១០ព្រឹកនេះ ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានបើកសន្និសីទព័ត៌ មាន បង្ហាញលទ្ធផលប្រតិបត្តិការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល ៧ថ្ងៃ និងលទ្ធផលកិច្ចប្រជុំ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ដែលបានធ្វើឡើង កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦។ សន្និសីទសារព័ត៌មាននេះ ប្រព្រឹត្តទៅនៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានឲ្យដឹង នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ ២០១៦ថា ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីរយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី០១-០៦ ខែមករា ឆ្នាំ២០១៦នេះ មានយានយន្ត ១៥២.០៥៣ គ្រឿងត្រូវបានពិនិត្យ។ ក្នុងចំណោមយានយន្ត ដែលបានពិនិត្យជាង ១៥ម៉ឺនគ្រឿងនេះ មានយានយន្តប្រមាណ ២៧,៣៣ភាគរយ ស្មើ ៤១.៥៦១គ្រឿង បានល្មើសច្បាប់។
យានយន្ត ដែលល្មើសច្បាប់នេះ មានយានយន្ត ២២.២៤២គ្រឿង ស្មើ ៥៣,៥១ភាគរយ ត្រូវបានធ្វើការអប់រំ។ រីឯយានយន្តជិត ២ម៉ឺនគ្រឿង ត្រូវបានពិន័យ។ ប្រាក់ទទួលបានពីការផាកពិន័យយានយន្តល្មើសច្បាប់នេះ មានចំនួនជាង ៤១០លានរៀល។
តែទោះជាយ៉ាងណា លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានមើលឃើញពីសញ្ញាណល្អ នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដោយសារមានប្រជាពលរដ្ឋច្រើនលើសលុប បានចូលរួមគោរពច្បាប់ចរាចរណ៍។ ជាពិសេសច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ក៏បានដាស់ស្មារតីប្រជាពលរដ្ឋ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ។
លោកឧត្តសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ក៏បានឲ្យដឹងដែរថា បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានដាក់ឲ្យអនុវត្ត អត្រាគ្រោះថ្នាក់ចរាចរ បានថយចុះប្រមាណ ១៩ភាគរយ ខណៈបទល្មើសឧក្រិដ្ឋវិញថយចុះរហូតដល់ ទៅ ៥០ភាគរយ។ នេះបើយោងតាមការ ប្រៀបធៀបទិន្នន័យក្នុងរយៈពេល ៦ថ្ងៃមុន និងក្រោយ នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។
បើតាមលោក គៀត ច័ន្ទថារិទ្ធ ៦ថ្ងៃមុន អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មានគ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន ៧២លើក តែក្រោយពេលអនុវត្តរយៈពេល ៦ថ្ងៃមក អត្រាគ្រោះថ្នាក់ចរាចរធ្លាក់មកនៅត្រឹម ៥៨លើក ថយចុះចំនួន ១៤លើក។ ក្នុងនោះអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ ក៏បានថយចុះផងដែរ ថយពី ៣៧នាក់ មកនៅត្រឹម ៣០នាក់។
លោឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ក៏បានបញ្ជាក់ផងដែរថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ក៏បានចូលរួមកាត់បន្ថយ បទល្មើសផងដែរ។ ក្នុងនោះបទល្មើសឧក្រិដ្ឋ បានថយចុះរហូតដល់ ៥០ភាគរយ៕