(កំពង់ធំ)៖ ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ ជូ សំអាន បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះថា កម្លាំងនគរបាលរបស់លោក បានចាប់ខ្លួន ជនសង្ស័យម្នាក់ ជាបុគ្គលិកបម្រើការងារ នៅធនាគារស្ថាបនា នៅទីរួមខេត្តកំពង់ធំ ពាក់ព័ន្ធការបង្ហោះសារគំរាម សម្លាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមប្រព័ន្ធទំនាក់ទំនងសង្គម Facebook ដែលបានបង្ហោះ កាលពីពេលកន្លងទៅ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនសង្ស័យរូបនេះ មានឈ្មោះ អ័រ អាយុ២៨ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីម្សិលមិញ ស្ថិតនៅឃុំកោះ ស្រុកសន្ទុក ខណៈរូបគេកំពុងចុះធ្វើការតាមភូមិ ហើយនៅព្រឹកថ្ងៃនេះ បានបញ្ជូនខ្លួន ទៅក្រសួងមហាផ្ទៃ ដើម្បីបន្តសួរនាំ និងចាត់ករតាមនីតិវិធី។
នៅពេលនេះ (ម៉ោងប្រមាណជិត១០ព្រឹកថ្ងៃនេះ) ព្រះរាជអាជ្ញារង លោក សៀង សុខ កំពុងសាកសួរនៅតុលាការក្រុងភ្នំពេញ៕