(កំពង់ចាម)៖ តំណាងក្រុមហ៊ុន អេមរុ ណេតធឺ រ៉ាយស៍ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បានចូលរួមឧបត្ថម្ភអង្ករម្លិះប្រាំងចំនួន ១០តោន ដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម ដើម្បីចាត់ចែងក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ ការរីករាលដាល នៃមេរោគ Covid-19។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ខេត្ត បានលើកឡើងថា អំណោយដែលតំណាងក្រុមហ៊ុន អេមរុ ណេតធឺ រ៉ាយស៍ ពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាការជួយរំលែកទុក្ខលំបាកការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូន ពលករដែលទើបតែ ត្រឡប់មកពី ក្រៅប្រទេសវិញ និងក្រុមការងារចុះបំពេញបេសកកម្មការពារទប់ស្កាត់ ការរីករាលដាល នៃវីរុសកូរ៉ូណាផង ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ក្នុងការអំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដើម្បីរួមគ្នាប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃវីរុស កូរ៉ូណា (កូវីដ១៩) ដែលជាជំងឺរាតត្បាតក្នុងពេលបច្ចុប្បន្ន៕