(ភ្នំពេញ)៖ ដោយស្ថានភាពប្រទេសកម្ពុជា កំពុងចូលរួមប្រយុទ្ធប្រឆាំងកម្ចាត់មេរោគឆ្លងកូវីដ-១៩ ជាមួយពិភពលោក អាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការបង្កាទប់ស្កាត់ ការរីករាលដាលជំងឺឆ្លង ដ៏កាចសាហាវនេះ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល, ក្រសួងសុខាភិបាល ក៏ដូចជាមតិណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ជាបន្តបន្ទាប់ លោកឧត្តមសេនីយ៍ឯ រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការពារជម្ងឺឆ្លង ដល់កម្លាំងក្រោមឱវាទទាំងអស់ឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាព អនាម័យតាមគ្រួសារ វិធានការប្រុងប្រយ័ត្ន រក្សានូវគម្លាតសង្គម ជៀសវាងការជួបជុំ ពាក់ម៉ាស់ពេលចេញប្រតិបត្តការនៅទីប្រជុំជន វាស់ស្ទង់កម្ដៅជារៀងរាល់ថ្ងៃ លាងសម្អាតដៃដោយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ ស្របតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ដោយអនុវត្តយ៉ាងតឹងរឹងសម្រាប់សមាជិកអាវុធហត្ថភ្នំពេញទាំងអស់ ក៏ដូចជាភ្ញៀវចេញចូលអង្គភាព និងបានចូលរួមផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជូនដល់ប្រជាជន មហាជននៅតាមបណ្តាមូលដ្ឋាន ភូមិសង្កាត់ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញជាប្រចាំតាមរយៈការចេញនូវម៉ូតូកង់បី១២គ្រឿង បំពាក់ដោយគ្រឿងបំពងឃោសនស័ព្ទ សម្រាប់ផ្សព្វផ្សាយ។
កន្លងមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានបន្ថែមនូវវិធានការពារដោយបំពាក់នូវទូរបាញ់ថ្នាំសម្លាប់មេរោគ នៅច្រកចូលទីបញ្ជាការរាជធានី បើកចែកនូវធុងបាញ់ថ្នាំសម្លាប់មេរោគដល់ បណ្តាមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ដោយភ្ជាប់ជាមួយ ទឹកថ្នាំសម្លាប់មេរោគ សាប៊ូលាងដៃ ក្រដាស់ជូតដៃ ស្រោមដៃ ម៉ាស និងត្រីខ គ្រប់ៗខណ្ឌ និងបាននាំយក ស្បៀងអាហារ សម្ភារៈរក្សាអនាម័យមួយចំនួនទៅចែកជូនដល់ពលរដ្ឋក្រីក្រ១០១គ្រួសារក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាត់ក្រុមការងារច្នៃប្រឌិតដោយខ្លួនឯង នូវទូរបាញ់ថ្នាំសម្លាប់មេរោគ សម្រាប់បំពាក់ជូនដល់បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និង កំបាំងមុខរាប់ពាន់ សម្រាប់សមាជិកអាវុធហត្ថរាជធានីភ្នំពេញ យកទៅប្រើប្រាស់ ក្នុងពេលចេញប្រតិបត្តិការបំពេញការងារ៕