(ម៉ានីល)៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Voltaire Gazmin និងរដ្ឋមន្ត្រីការបរទេស លោក Albert del Rosario នឹងធ្វើកិច្ចជំនួបជាមួយសមភាគីសហរដ្ឋអាម៉េរិកនៅសប្តាហ៍ក្រោយនេះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦។
លោក Gazmin បានលើកឡើងថា «យើងនឹងធ្វើកិច្ចពិភាក្សាស្តីពីការបង្កើនទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ»។ លោកបន្តថា កិច្ចប្រជុំ «ពីរបូកពីរ» ជាមួយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិក លោក Ashton Carter និងរដ្ឋមន្ត្រីការបរទេសលោក John Kerry នឹងធ្វើឡើងនៅថ្ងៃអង្គារសប្តាហ៍ក្រោយនៅរដ្ឋធានីវ៉ាស៊ីតោន។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនរូបនេះ បានបញ្ជាក់ថា ការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ អាចអនុញ្ញាតឲ្យសហរដ្ឋអាម៉េរិកដាក់ពង្រាយកម្លាំងក្នុងប្រទេសហ្វីលីពីនជាថ្មី ហើយវាជាបញ្ហារួមដ៏សំខាន់សម្រាប់រដ្ឋាភិបាលទាំងពីរ៕