(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសថា ខ្លួននឹងផ្តើមការផ្សព្វផ្សាយប្រឆាំងនឹងប្រទេស កូរ៉េខាងជើង នៅតាមបន្ទាត់ព្រំដែនជាថ្មី ដើម្បីជាការឆ្លើយតបចំពោះរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដែលបានប្រកាសថា ទទួលបានជោគជ័យក្នុងការបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែន នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦។
លោក Cho Tae-yong អនុប្រធានប្រចាំការិយាល័យប្រធានាធិបតីទទួលបន្ទុកផ្នែកសន្តិសុខជាតិ បានឲ្យដឹងថា ការផ្សព្វផ្សាយប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង នឹងផ្តើមជាថ្មីនៅរសៀលថ្ងៃសុក្រនេះតែម្តង។
សូមជម្រាបថា ការផ្តើមផ្សព្វផ្សាយប្រឆាំងរបបកុម្មុយនីសថ្មីម្តងទៀតរបស់ប្រទេស កូរ៉េខាងត្បូង អាចបង្កភាពតានតឹងជាមួយប្រទេសកូរ៉េខាងជើង ដែលបានព្រមានថានឹងចាត់វិធានការណ៍យោធាយ៉ាងតឹងរឹង ដើម្បីជាការសងសឹកវិញ៕