(រតនគិរី)៖ យ៉ាងហោចណាស់មានកម្មករចំនួន ១៩នាក់ ដែលបានចេញចេញពីរាជធានីភ្នំពេញ ទៅខេត្តរតនគិរី ត្រូវបានអាជ្ញាធរសម្រេចដាក់ឲ្យនៅដោយឡែក រយៈពេល ១៤ថ្ងៃសិន ដើម្បីរួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-19។ សម្រាប់កម្មករទាំងនេះ បានចាកចេញពីភ្នំពេញ តាំងពីមុនថ្ងៃបទបញ្ជារបស់រាជរដ្ឋាភិបាល។
លោក ថង សាវុន អភិបាលខេត្តរតនគិរី បានសំណូមពរកម្មករទាំង ១៩នាក់ ដែលបានដាក់ឲ្យនៅដាច់ដោយឡែក ត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩។ ការសំណូមពរនេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកអភិបាលខេត្តដឹកនាំប្រធាន-អនុប្រធានមន្ទីរស្ថាប័នមួយចំនួន អញ្ជើញសួរសុខទុកកម្មករទាំង ១៩នាក់ ស្រី៩នាក់ ដែលត្រឡប់មកពីធ្វើការនៅរាជធានីភ្នំពេញ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ នៅវិទ្យាល័យវិរៈជ័យ ស្ថិតនៅភូមិហ្វាំង ឃុំប៉ុងស្រុកវើនសៃ។
លោក ថង សាវុន បានណែនាំដល់កម្មករទាំង១៩នាក់ ត្រូវអនុវត្តន៍តាមការណែនាំ ដូចជា៖
*ទី១៖ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
*ទី២៖ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ
*ទី៣៖ ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
*ទី៤៖ ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
*ទី៥៖ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
*ទី៦៖ ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃនិងប្រកាន់ខ្ជាប់នូវអនាម័យឲ្យបានល្អប្រសើរដោយផឹកស្អាត ហូបស្អាត រស់នៅស្អាត។
នៅថ្ងៃដដែលនេះ លោក ថង សាវុន បានអញ្ជើញផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យចេះអំពីវិធានការ ការពារជំងឺកូវីដ-១៩ ក្នុងផ្សារស្រុកវើនសៃផងដែរ។
ក្នុងឱកាសនេះ លោកបានក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកវើនសៃទាំងមូល ត្រូវមានវិធានការទប់ស្កាត់ការរីករាលដាល់នៃជំងឺឆ្លងកូវីដ-១៩ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានជាប់ជាប្រចាំ ធ្វើយ៉ាងណាឲ្យនៅក្នុងមូលដ្ឋាន និងក្រុមគ្រួសារ គ្មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីព្រោះថាការប្រុងប្រយ័ត្ននេះ ឆ្លើយតបនឹងជំងឺឆ្លងថ្មីនេះ បានកំពុងរីករាលដាលជាសាកល បង្កឲ្យមនុស្សឈឺ និងស្លាប់ ជាបន្តបន្ទាប់ ដោយឡែកប្រទេសកម្ពុជា នៅតែបន្តរកឃើញមានអ្នកជំងឺឆ្លងថ្មី ជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភផងដែរ៕