Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សេង ទៀង បន្តនាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូនគ្រួសារកូនភ្លោះ៣ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

12-04-2020 10:59

(បន្ទាយមានជ័យ)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសប្បុរធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនគ្រួសារកូនភ្លោះ៣នាក់ នៅភូមិប្រជាធមខាងលិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានប្រគល់ជូន រួមមាន៖ អង្ករ ២០០គីឡូក្រាម, ស្កសរ៥គីឡូក្រាម, ទឹកដោះគោម្សៅ១កេសធំ, សារុង០២, ក្រម៉ា០២ និងថវិកា៥លានរៀល។ កូនភ្លោះ៣នេះ មានឪពុកឈ្មោះ យ៉ាយ អាយុ៣៥ឆ្នាំ និងម្ដាយឈ្មោះ ជួប ចិត្ត អាយុ៣២ឆ្នាំ។

ក្នុងឱកាសនោះ លោក សេង ទៀង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣ មិនតែប៉ុណ្ណោះ សម្តេចបានចាត់ទុកកូនភ្លោះ៣នេះ ជាចៅសម្តេចថែមទៀតផង។

ជាមួយគ្នានោះដែរ លោក សេង ទៀង ក៏បានណែនាំឱ្យក្រុមគ្រួសារកូនភ្លោះទាំង៣នេះ ត្រូវថែរក្សាសុខភាពឱ្យបានល្អ។

គួរជម្រាបថា នេះជាគ្រួសារកូនភ្លោះ៣ លើកទី៣៦០ហើយ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕