(ព្រះវិហារ)៖ អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជាលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអប់រំផ្សព្វផ្សាយ តាមភូមិឃុំស្រុក និងទីប្រជុំជននានាក្នុងខេត្តព្រះវិហារ ដើម្បីអោយប្រជាពលរដ្ឋបានយល់ដឹងនឹងចេះបង្ការ ទប់ស្កាត់កុំឲ្យឆ្លងជំងឺជំងឺកូវីដ១៩។
លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានថ្លែងឲ្យដឹងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះថា ចាប់តាំងពីថ្ងៃទី២៤ ខែមីនា ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានយុទ្ធនាការចុះអប់រំផ្សព្វផ្សាយពីវិធីបង្ការ ទប់ស្កាត់ ការឆ្លងរីរាលដាលនៃជំងឺកូវីដ១៩ នៅតាមភូមិឃុំ និងក្រុងស្រុកទាំង៨ ក្នុងខេត្ត ព្រមទាំងបានចែក POSTER សារអប់រំរបស់ក្រសួងសុខាភិបាល និងសាប៊ូជូនប្រជាពលរដ្ឋផងដែរ។
លោកប្រធានមន្ទីរបានថ្លែងឲ្យដឹងថា ការចុះអប់រំផ្សព្វផ្សាយពីវិធីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ របស់មន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទ គឺមានការសហការពីអាជ្ញាធរមូលដ្ឋាននឹងអង្កការជាដៃគូរ ដោយក្នុងនោះបានចុះផ្សព្វផ្សាយបាន៥២ឃុំ សង្កាត់២៣៣ភូមិ និងតាមខ្នងផ្ទះប្រជាពលរដ្ឋចំនួន១៣១៩ខ្នង ព្រមទាំងបានចែកសារអប់រំរបស់ក្រសួងសុខាភិបាល បានជាង៤០០០ផ្ទាំង និងសាប៊ូចំនួន១៦៨០០ដុំ។
សូមបញ្ជាក់ថា នៅក្នុងខេត្តព្រះវិហារសព្វថ្ងៃនេះ មិនមានអ្នកជំងឺកូវីដ១៩ទៀតទេ បន្ទាប់ពីបុរសខ្មែរ២នាក់បានជាសះស្បើយ និងបានត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន។ ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធរខេត្តព្រះវិហារ និងស្ថាបន័ជំនាញពាក់ព័ន្ធ នៅតែខិតខំប្រឹងប្រែងទប់ស្កាត់ ការពារមិនឲ្យជំងឺកូវីដ១៩កើតមាននោះទេ ដោយក្នុងនោះបាននឹងកំពុងអនុវត្តយ៉ាងតឹងរឹង ចំពោះបទបញ្ជារាជរដ្ឋាភិបាលស្តីពី ការកំណត់លើការធ្វើដំណើរ ក៏ដូចជារៀបចំទីកន្លែងនានា ដើម្បីឲ្យប្រជាពលរដ្ឋមកពីប្រទេសជិតខាងនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ៕