(អេហ្ស៉ីប)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអេហ្ស៉ីប បានប្រគល់អំណោយរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី ជូនដល់តំណាងនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសអេហ្ស៉ីប ដើម្បីការពារការរីករាលដាល នៃជំងឺឆ្លង COVID-19។
ពិធីប្រគល់អំណោយរបស់ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នាស្ថានទូតកម្ពុជា ប្រចាំប្រទេសអេហ្ស៉ីប ដែលអំណោយទាំងអស់នោះរួមមាន ម៉ាស និង Sterilizers ផងដែរ។
គួរជម្រាបថា គិតត្រឹមម៉ោង ៦៖០០នាទីល្ងាចថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិក មួយប៉ុណ្ណោះ។
ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១,៧១០,៣២៤នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ១០៣,៥១២នាក់បានស្លាប់បាត់បង់ជីវិត និង ៣៨២,០៤៩នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងលើសពី ១០០ករណីគឺបានកើនដល់ ១២៨ប្រទេស និងដែនដីហើយ ដោយក្នុងនោះប្រទេសកម្ពុជាយើងផងដែរ៕