(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ លោក William Heidt អគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំនៅប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ បានធ្វើឡើងនៅវិមានរដ្ឋសភា។
លោក William A. Heidt ជាមន្រ្តីការទូតសហរដ្ឋអាមេរិកដែលមកជំនួសតំណែង លោក william Todd អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលចប់អាណត្តិនៅឆ្នាំ២០១៥។ លោកបានធ្វើជាអនុប្រធានទូត នៅក្នុងស្ថានទូតសហរដ្ឋអាមេរិក ក្នុងទីក្រុងវ៉ាសូវី នៃប្រទេសប៉ូឡូញ ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១២ ជាទីប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងបេសកកម្មរបស់ សហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុង New York ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០០៩ ជាទីប្រឹក្សាសេដ្ឋកិច្ចនៅ ក្នុងស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុង Jakarta នៃប្រទេសឥណ្តូនេស៊ី ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៧ និងជាជំនួយការពិសេសនៅក្នុងការិយាល័យ របស់ឧបការីរដ្ឋមន្រ្តី ទទួលបន្ទុកផ្នែកកិច្ចការកសិកម្ម ធុរកិច្ច និងសេដ្ឋកិច្ច ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៤។
លោកបានធ្វើជាមន្រ្តីផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៅក្នុងស្ថានទូតសហរដ្ឋអាមេរិក ក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជាពីឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៩ ព្រមទាំងបានរៀបការត្រឹមត្រូវ ជាមួយនឹងនារីខ្មែរម្នាក់ផងដែរ៕