(ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការទប់ស្កាត់មេរោគ COVID-19 នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន រួមជាមួយលោក ចំរើន សុខលីម ប្រធានផ្សារទួលទំពូង បានយករថយន្ត ២គ្រឿង បាញ់ទឹកលាងសម្អាតផ្លូវជុំវិញផ្សារ បរិវេណផ្សារ និងក្នុងផ្សារទួលទំពូង ព្រមទាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវឲ្យមានអនាម័យល្អ បរិស្ថានស្អាត របៀបរៀបរយកាន់តែល្អប្រសើរ ជុំវិញផ្សារទួលទំពូង។
ក្នុងពេលដឹកនាំមន្ត្រីចុះលាងសំអាតបរិវេណផ្សារ និងផ្សារនេះ លោក ថេង សុថុល បានលើកឡើងថា ជាការការពារបូវការឆ្លងមេរោគ COVID-19 គឺយើងចុះបាញ់ទឹកលាងសម្អាតទីធ្លាមុខផ្សារ តាមផ្លូវជុំវិញផ្សារ និងកើបដីភក់តាមចិញ្ចើមផ្លូវ អោយមានអនាម័យល្អ បរិស្ថានស្អាត នេះគឺជាកត្តាសំខាន់ណាស់ ក្នុងការការពារការឆ្លងមេរោគនេះផងដែរ។ ការងារនេះ យើងមិនត្រូវមើលរំលងឡើយ ពេលបងប្អូនអតិថិជន អាជីវករ មករកទិញឥវ៉ាន់ ឬមហាជនទូទៅដែលគាត់ធ្វើដំណើរឆ្លងកាត់ ឬចេញចូលផ្សារ គឺពួកគាត់ទទួលបានបរិយាកាសល្អ ដែលអាចចៀសបានពីការឆ្លងមេរោគ កូវីដ១៩ បានមួយចំណែកផងដែរ។
លោកអភិបាលខណ្ឌបន្តថា ការងារនេះអាជ្ញាធរខណ្ឌចំការមន រួមជាមួយគណៈកម្មការផ្សារ បន្តចុះធ្វើជាប្រចាំ ពិសេសនៅថ្ងៃចុងសប្ដាហ៍ ដូចថ្ងៃនេះជាដើម។
ជាមួយគ្នានេះលោក ចំរើន សុខលីម ប្រធានផ្សារទួលទំពូង បានឲ្យដឹងថា គណៈកម្មការផ្សារបានលាងសំអាតផ្សារ ក្នុងមួយសប្តាហ៍លាងម្តង ដោយយើងលាងកន្លែងហូបចុក និងកន្លែងលក់បន្លែ សាច់ ដែលកន្លែងនេះ វាសំបូរដោយបាកតេរីច្រើន បង្កអោយមានក្លិនស្អុយ ឆ្អេះ ឆ្អាប។ ប៉ុន្តែចំពោះកន្លែងមានលក់គ្រឿងវត្ថុអនុស្សាវរីយ៍ លក់សម្លៀកបំពាក់ គឺខាងអាជីវករមិនអោយលាងទេ គឺគាត់បោសជូតដោយខ្លួនឯងជារៀងរាល់ថ្ងៃទៅហើយ។
លោកប្រធានផ្សារបញ្ជាក់ថា នៅពេលល្ងាចនេះ អាជីវករបិទតូបលក់ ទើបយើងបាញ់ទឹកលាងសំអាតក្នុងផ្សារ និងបាញ់ថ្នាំសម្លាប់មេរោគផងដែរ។ នាពេលនេះដែរ អាជីវករលក់ដូរ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមជាមួយអាជ្ញាធរ និងគណៈកម្មការផ្សារ ដើម្បីបង្ការទប់ស្កាត់នូវមេរោគកូវីដ១៩ ដើម្បីសេចក្តីរបស់អាជីវករ ក៏ដូចអ្នកទិញ។
លោក ថេង សុថុល បន្តទៀតថា ផ្សារទួលទំពូង ជាផ្សារដែលយើងបានយកចិត្តទុកដាក់ខ្ពស់ទៅលើការរីករាលដាលជំងឺ Covid.19 ព្រោះជាផ្សារដែលមានជនបរទេសចេញ~ចូលច្រើនបើប្រៀបធៀបទៅផ្សារដទៃ។ ក្រៅពីការលាងសំអាតរួចហើយ អាជ្ញាធរនឹងបន្តបាញ់ថ្នាំសម្លាប់មេរោគថែមទៀតទាំងខាងក្រៅ និងខាងក្នុងផ្សារ។ បងប្អូនអាជីវករក្នុងផ្សារទួលទំពូង បានបង្ហាញឲ្យឃើញពីក្តីរីករាយចំពោះចំណាត់ការរបស់អាជ្ញាធរខណ្ឌ សង្កាត់ ក៏ដូចគណៈកម្មការផ្សារក្នុងគោលបំណងលើកកំពស់សុខមាលភាព និងអានាម័យបរិស្ថានផ្សារ។
អភិបាលខណ្ឌចំការមន បានសង្កត់ធ្ងន់ទៀតថា បើចង់មានអនាម័យ និងបរិស្ថានល្អប្រសើរនៅក្នុងផ្សារ ក៏ដូចមូលដ្ឋានភូមិសង្កាត់យើងនីមួយៗនោះហើយបងប្អូនមានសុខភាពល្អ និងទីក្រុងមានផាសុខភាព សោភ័ណ្ឌភាពនោះ ដ៏រាបណាយើងគ្រប់ៗគ្នារួមទាំងមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន អាជីវករ និងបងប្អូនប្រជាជនទូទៅរួមដៃគ្នាសហការគ្នា ជាមួយគ្នាយ៉ាងផុលផុសទើបនៅក្នុងមូលដ្ឋានយើងមានភាពល្អប្រសើរ៕