(ស្ទឹងត្រែង)៖ ដោយអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកងកម្លាំង ស្នងការដ្ឋាននគរបាលខេត្តនិង កងកម្លាំងរាជអាវុធហត្ថខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធ បានបន្តចុះពិនិត្យកម្លាំងឈរជើងតាមគោលដៅ ព្រំប្រទល់រវាងខេត្ត និងខេត្ត ដើម្បីអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល លើទីតាំងចំនួន៣ ក្នុងភូមិសាស្ត្រខេត្ត។
ទីតាំងទាំង៣នេះ រួមមាន៖
*ទី១៖ គោលដៅផ្លូវជាតិលេខ៧ ព្រំប្រទល់រវាងស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងស្រុកសំបូរខេត្តក្រចេះ ចំណុច(ស្ពានអូរច្រឡង់),
*ទី២៖ គោលដៅផ្លួវជាតិលេខ៧៨ ព្រំប្រទល់រវាងស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី(ចំណុចអូរស្រែពក),
*និងទី៣៖ គោលដៅផ្លួវជាតិលេខ៩ ព្រំប្រទល់រវាងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងស្រុកឆែប ខេត្តព្រះវិហារ (ចំណុចអូរចង្ហារ)។
ក្នុងឱកាសត្រួតពិនិត្យ និង សំណេះសំណាលជាមួយកងកម្លាំង រក្សាការពារសុវត្ថិភាព និងសម្របសម្រួលប្រចាំគោលដៅ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ លោក ម៉ុម សារឿន បានផ្តាំផ្ញើ ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងអស់ ត្រូវត្រួតពិនិត្យរាល់ការបំលាស់ទី របស់ប្រជាពលរដ្ឋឲ្យបានជាក់លាក់ និងយកវិធានការអប់រំ ឲ្យប្រជាពលរដ្ឋ បានយល់ពីបទបញ្ជរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យអាជ្ញាធរ មានសមត្ថកិច្ចអនុវត្តជាបន្ទាន់ ក្នុងគោលបំណងទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-១៩ ក្រោមការគិតគូរ និងយកចិត្តទុកដាក់បំផុត ពីប្រមុខថ្នាក់ដឹកនាំ ដើម្បីធានាបាននូវភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្ត ឱ្យបន្តពង្រឹងការអនុវត្ត ឱ្យបានកាន់តែម៉ឺងម៉ាត់ថែមទៀត ដែលការខិតខំ និងការលះបង់របស់កងកម្លាំង និងមន្ត្រីនាពេលនេះ គឺជាប្ដូរមកវិញនូវសុវត្ថិភាពរបស់ជាតិ សុខភាព និងជីវិតរបស់ប្រជាជន ហើយការអនុវត្តនេះសូមរក្សា នូវឥរិយាបថសមរម្យ ប្រកបដោយភាពទន់ភ្លន់ជាមួយប្រជាពលរដ្ឋ៕