(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញចុះត្រួតពិនិត្យសុខភាពប្រជាពលករដែលមកពីប្រទេសថៃ និងប្រទេសផ្សេងៗជិត ៥ពាន់នាក់ ដែលនៅក្នុងមណ្ឌលចត្តាឡីស័ក ដោយខេត្តបានរៀបចំនៅសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ និងវិទ្យាល័យកំពង់ធំ។
លោក សុខ លូ បានបញ្ជាក់ថា ប្រជាពលករដែលចំណាកស្រុកមកពីប្រទេសថៃ និងប្រទេសផ្សេងចំនួន ៤,៩៦៧នាក់ មិនមានអ្នកផ្ទុកជំងឺកូវីដ១៩ទេ។ លោកបានបន្តថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីដែលពាក់ពន្ធ័ទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល គណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ថ្នាក់ជាតិ និងគណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ថ្នាក់ខេត្ត ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសការដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃដោយស្ម័គ្រចិត្ត សម្រាប់អ្នកដែលទើបត្រឡប់ពីធ្វើការ ក្រៅខេត្ត និងក្រៅប្រទេស ដើម្បីសុវត្ថិភាពក្រុមគ្រួសារ និងសង្គមជាតិទាំងអស់គ្នា។
លោកបានបន្តទៀតថា មណ្ឌលចត្តាឡីស័កត្រួតពិនិត្យសុខភាព ដល់ប្រជាពលករមកពីប្រទេសថៃ និងប្រទេសផ្សេងៗរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១០ និងថ្ងៃទី១១ ខែមេសានេះ បានពិនិត្យពលករមានចំនួន ៧៨នាក់ ហើយបានយកសំណាកទៅពិនិត្យនៅបាស្ទ័រចំនួន០៩ នាក់ដោយលទ្ធផលអវិជ្ជមានទាំងអស់។
ជាមួយគ្នានេះ អាជ្ញាធរខេត្តកំពង់ធំបានបញ្ជូនថ្នាក់ដឹកនាំទៅរង់ចាំទទួលពលករនៅប្រទេសថៃចំនួន ០៣ទីតាំងដែលមាននៅខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ រួមទាំងបានបញ្ជូនឈ្មោះមកតាមស្រុកដែលមានពលករ ដើម្បីឲ្យអាជ្ញាធរស្រុករង់ចាំទទួលទៅទីតាំងរបស់ខ្លួនឲ្យទៅតាមមូលដ្ឋាន។
លោកក៏បានអំពាវនាវ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានការយោគយល់លើចំណាត់ការក្នុងគ្រាដ៏លំបាកនេះ និងសូមចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃ និងសហគមន៍ទាំងមូលផង នៅក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ៕