(សៀមរាប)៖ ប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន ៤៦គ្រួសារ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅស្រុកស្វាយលើ គឺឃុំតាសៀម និងឃុំកន្ទួត ត្រូវបានលោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តសៀមរាប បានដឹកនាំប្រតិភូ នាំយកអំណោយប្រគល់ជូន នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នៅសាលារៀនភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ។
ប្រធានអនុសាខាកាកបាទក្រហម ស្រុកស្វាយលើ បានគូសបញ្ជាក់ឲ្យដឹងថា គ្រួសាររងគ្រោះទាំង ៤៦គ្រួសារនេះ មកពីឃុំតាសៀម នៅភូមិត្រពាំងថ្ម ខ្យល់កន្ត្រាក់របើកដំបូង ៣២ខ្នង នៅភូមិត្រពាំងពពេល របើកដំបូង ១២ខ្នង។ ចំណែកនៅឃុំកន្ទួត រលំផ្ទះ១ខ្នង និងរបើកដំបូល ១ខ្នង។ លោកបានបន្ថែមថា នៅស្រុកស្វាយលើ មានប្រជាពលរដ្ឋធ្វើចំណាកស្រុកចំនួន ៥៥៩នាក់, វិលមកពីក្រៅប្រទេស ចំនួន ១៣៩នាក់ ព្រមទាំងបានដាច់ឲ្យនៅដោយឡែកទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីអំពីការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ ព្រមទាំងធ្វើចត្តាឡីស័កដោយខ្លួនឯងបន្តទៀត នៅតាមមូលដ្ឋាន។
ថ្លែងសំណេះសំណាលនោះលោកស្រី ទាង អេង ទៀសីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកស្រី ក៏បានសំដែងនូវការសោកស្ដាយ ចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ តែនេះជាគ្រោះមហន្តរាយគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ លោកស្រីថ្លែងថា អំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូននាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ សំខាន់គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល- ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា»។
លោកស្រី ក៏បានធ្វើការណែនាំមួយចំនួន ដើមី្បជាមូលដ្ឋាន ក្នុងការបង្កា ការពារ និងទប់ស្កាត់ នូវជំងឺឆ្លង កូវីដ១៩ ព្រមទាំងផ្តាំផ្ញើឲ្យចេះធ្វើអនាម័យឲ្យបានជាប្រចាំ នៅក្នុងក្រុមគ្រួសារ ព្រមទាំងកាត់បន្ថយនូវការជួបជុំ ប្រមូលផ្តុំគ្នា សំខាន់នៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។
សូមបញ្ជាក់ថា សម្រាប់អំណោយមនុស្សធម៌នោះ គឺគ្រួសារផ្ទះរលំ ទទួលបានមុង១, ភួយ១, សារុង១, ក្រមា១, កន្ទេល១, អាវយឺត២, ស័ង្កសី ១៦សន្លឹក, មី១កេស, ត្រីខ១យួរ, អង្ករ ៣០គីឡូក្រាម, និងថវិកា ២សែនរៀល។ ចំពោះគ្រួសារដែលខ្យល់កន្ត្រាក់ធ្វើឲ្យរបើកដំបូល ប៉ះពាល់ធ្ងន់ធ្ងរ ទទួលបានមុង១, ភួយ១, សារុង១, ក្រមា១, កន្ទេល១, អាវយឺត២, ស័ង្កសី ១០សន្លឹក, មី១កេស, ត្រីខ១យួរ, អង្ករ៣០គីឡូក្រាម: និងថវិកា ១សែនរៀល។
ឆ្លៀតឱកាសនោះដែរ គណៈប្រតិភូ ក៏បាននាំយកសម្ភារ ជាម៉ាស, អាល់កុល, ដែលទទួលបានពីកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់មណ្ឌល សុខភាពចំនួន៣ ក្នុងស្រុកស្វាយលើ មានមណ្ឌលសុខភាពស្វាយលើ, មណ្ឌលសុខភាពខ្នងភ្នំ, និងមណ្ឌលសុខភាពកន្ទួត សម្រាប់រួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយមណ្ឌលសុខភាពនីមួយៗ ទទួលបានអាល់កុល ៥លីត្រ, ម៉ាស់ ១០ប្រអប់, សាប៊ូ ៨ដុំ, ក្រមា១០។
គណៈប្រតិភូ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៅវេប្រគេនព្រះសង្ឃចំនួន ២វត្ត ក្នុងស្រុកស្វាយលើ គឺវត្តប្រាសាទត្រាង និងវត្តត្រពាំងថ្មផងដែរ៕