(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ បានថ្លែងថា វិធានការនានារបស់រាជរដ្ឋាភិបាល ត្រូវបានដាក់ចេញឡើង ដើម្បីការពារអាយុវជីវិត និងការងាររបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ក្នុងអំឡុងពេលដែលមេរោគកូវីដ១៩ កំពុងរាតត្បាតខ្លាំង។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងជំរុញឲ្យជឿជាក់លើការដឹកនាំរបស់សម្តេច ហើយសម្តេចថែមទាំងសំណូមពរដល់កម្មករ-កម្មការិនី ឲ្យស៊ូទ្រាំនឹងភាពលំបាកនេះមួយគ្រា ដើម្បីសេចក្តីសុខថ្ងៃខាងមុខទៀត។ អមដោយរូបភាពជាមួយនឹងកម្មករនិយោជិតមួយសន្លឹកនៅលើ Facebook សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ប្រកបដោយអត្ថន័យថា៖ «កូនក្មួយជឿលើពុកចុះ គ្រប់យ៉ាងគឺដើម្បីអាយុជីវិត និងការងារកូនៗទាំងអស់គ្នា, យើងសុខចិត្តស៊ូទ្រាំលំបាកបន្តិច ដើម្បីសេចក្តីសុខយូរអង្វែង»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «អរគុណចំពោះការស្រឡាញ់ ជំនឿ និងទំនុកចិត្តដែលកូនមានចំពោះពុក។ ទ្រាំលំបាកជាមួយពុកបន្តិចសិនចុះអ្វីៗនឹងល្អប្រសើរឡើងវិញដូចពុកបាន សន្យា»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់មន្រ្តីរាជការ ក្រុមហ៊ុនឯកជន និងកម្មករដែលចូលរួមប្រយុទ្ឋប្រឆាំងនឹងកូវីដ១៩ ដោយបន្តធ្វើការងារធម្មតា ក្នុងកំឡុងពេលចូលឆ្នាំ។ សម្តេច ថែមទាំងបានជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងសំណាងល្អនៅក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ ២០២០។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ គឺនឹងមកដល់នៅថ្ងៃទី១៣-១៦ ខែមេសា ស្អែកនេះ។ បងប្អូនប្រជាពលរដ្ឋ អាចប្រារព្ធពិធីសែនទទួលទេវតាឆ្នាំថ្មី នៅតាមគេហដ្ឋានរៀងៗខ្លួន។ ចំពោះការប្រមូលផ្តុំមនុស្សច្រើននៅតាមវត្តអារាម រួមទាំងកម្មវិធីកម្សាន្តសប្បាយនានា នៅតាមទីធ្លាសាធារណៈ និងតាមបណ្តាវត្តទូទាំងប្រទេស គឺត្រូវបានផ្អាកសម្រាប់ឆ្នាំនេះ ដោយសារប្រទេសយើង កំពុងចូលរួមប្រយុទ្ធប្រឆាំងកម្ចាត់មេរោគឆ្លងកូវីដ-១៩ ជាមួយពិភលោក។ ចំពោះមុខ គឺអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋសំខាន់ខ្លាំងបំផុត។
ទន្ទឹមនឹងនេះ គឺមានវិធីចាំបាច់ងាយៗមួយចំនួនដែលពលរដ្ឋអាចធ្វើបានដើម្បីការពាររោគឆ្លងកូវីដ១៩ គឺត្រូវពាក់ម៉ាស ឬក្រមា, ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ទឹកអាល់កុល ឬជិលសម្លាប់មេរោគនិងបាក់តេរី, កុំនៅផ្តុំគ្នាច្រើន, កុំបម្លាស់ប្តូរទីពីកន្លែងមួយទៅកន្លែងមួយក្នុងពេលដែលមានការរីករាលដាលឆ្លងដែលយើងមើលមិនឃើញ ដែលអាចនាំមេរោគពីយើងទៅគេ ឬពីគេមកយើងទាំងក្នុងពេលធ្វើដំណើរ និងក្នុងពេលស្នាក់អាស្រ័យនៅជាដើម។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា ដោយសារជំងឺកូវីដ១៩ នេះងាយឆ្លងលឿនសាហាវពេក ទើបរាជរដ្ឋាភិបាលសម្រេចដាក់បំរាមហាម មិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅកាន់ខេត្តមួយ និងបានលើកថ្ងៃចូលឆ្នាំខ្មែរ២០២០ ទៅពេលក្រោយ ដែលនឹងសងជូនថ្ងៃឈប់សម្រាក ៥ថ្ងៃមកវិញ នៅពេលណាដែលប្រទេសជាតិ វិលត្រឡប់មកកាន់ស្ថានភាពធម្មតា គ្មានជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ក្នុងសន្និសីទព័ត៌មានពាក់ព័ន្ធនឹងបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែត្រូវទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លូនដូចរាល់ឆ្នាំ ចំណែកស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនវិញក៏ត្រូវបន្តធ្វើការធម្មតា ហើយរដ្ឋនឹងសងរយៈពេល ៥ថ្ងៃវិញ នៅពេលសមស្របតាមក្រោយ។ សម្តេចតេជោ បានលើកដៃសំពះអង្វរកសុំការយោគយល់ប្រជាពលរដ្ឋ ចំពោះការផ្អាកបុណ្យចូលឆ្នាំថ្មី ព្រោះបើសិនមានការឆ្លងអ្នកស្លាប់ គឺប្រជាពលរដ្ឋខ្លួនឯង។
ដោយឡែក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ បានចេញវិធានការ៤ចំណុច បញ្ជាក់បន្ថែមដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តន៍នៃច្បាប់ស្ដីពីការងារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២០នេះ ដូចខាងក្រោម៖
*១៖ កម្មករនិយោជិតត្រូវបន្តធ្វើការដូចថ្ងៃធម្មតានៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន របស់ខ្លួន។
*២៖ ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះដោយឯកឯង នោះកម្មករន៏យោជិត នឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល ១៤ថ្ងៃ មុនចូលបំពេញ ការងារវិញ នឹងមិនទទួលបានប្រាក់ឈ្នួល ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះឡើយ។
*៣៖ ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះ ដោយមានការអនុញ្ញាតពីនិយោជក នោះកម្មករនិយោជិតនឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល ១៤ថ្ងៃ មុនចូលបំពេញការងារវិញ និងទទួលបានប្រាក់ឈ្នួលពីនិយោជក ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះ។
*៤៖ និយោជកត្រូវចាត់ចែងឱ្យមានបញ្ជីឈ្មោះកម្មករនិយោជិតដែលឈប់សម្រាកក្នុងអំឡុងពេលនេះ ដើម្បីផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក)៕