(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានរៀបរាប់អំពីទុក្ខទេវនានៃរបបប៉ុលពត ដែលបានឲ្យសម្តេចនៅតែស្រក់ទឹកភ្នែក នៅពេលនឹកឃើញប្រវត្តិដ៏ឈឺចាប់ នៃជីវិតខ្ញុំ និងគ្រួសារក៏ដូចជា ទុក្ខវេទនារបស់ប្រជាជនកម្ពុជាទាំងមូល។
នៅលើ Facebook របស់សម្តេចតេជោ នៅព្រឹកថ្ងៃនេះ សម្តេចបានបញ្ជាក់ថា ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ដែលកាលពី ៣៧ឆ្នាំមុន សម្តេចត្រូវបានជ្រើសតាំងជារដ្ឋមន្រ្តី ក្រសួងការបរទេស ក្រោយថ្ងៃរំដោះ៧ មករា ១ថ្ងៃ ក្នុងវ័យមិនដល់២៧ឆ្នាំផង និងជានាយករដ្ឋមន្ត្រី ក្នុងវ័យ៣២ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ខ្ញុំត្រូវហូរទឹកភ្នែករយៈពេល៤៨ថ្ងៃថែមទៀត បន្ទាប់ពីថ្ងៃរំដោះ៧មករា១៩៧៩។ និង បានជួបភរិយា និងកូននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ គឺ៤៨ថ្ងៃបន្ទាប់ពីប្រទេសត្រូវបានរំដោះ»។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន បង្ហាញនៅលើ Facebook នាព្រឹកថ្ងៃនេះ៖
ថ្ងៃនេះ ៨ មករា ២០១៦ ដែលកាលពី ៣៧ ឆ្នាំមុន ខ្លួនខ្ញុំត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស ក្រោយថ្ងៃរំដោះ៧ មករា ១ថ្ងៃ។ ក្នុងវ័យមិនដល់២៧ឆ្នាំផង ហើយក៏មិនដែលសូវយល់ដឹងនូវកិច្ចការបរទេសផងនោះ ការទទួលយកភារកិច្ចទាំងទើសទាល់នេះគឺជារឿងដ៏លំបាក តែឆន្ទះយុវជនដែលខ្លួនខ្ញុំបានឆ្លងកាត់ដោយខ្លួនឯងហើយបានឈរជើងក្នុងរដ្ឋាភិបាលរហូត៣៧ឆ្នាំ អាចឱ្យគេយល់ថា តើខ្ញុំស្គាល់ជីវិត និងសេចក្តីត្រូវការរបស់យុវជនបែបណា។
មនុស្សមួយចំនួនភ័ន្តច្រឡំលើខ្ញុំក្នុងចំណុចនេះ។ មុនមកដល់វ័យជាង៦០ឆ្នាំសព្វថ្ងៃនេះ ខ្ញុំបានឆ្លងកាត់ជាយុវវ័យនៃកងទ័ព ជាយុវវ័យនៃរដ្ឋមន្ត្រីការបរទេស ក្នុងវ័យ២៧ឆ្នាំ ជានាយករដ្ឋមន្ត្រីក្នុងវ័យ៣២ឆ្នាំ ដែលជារដ្ឋមន្ត្រីការបរទេស និងជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេ ក្នុងពិភពលោកនាពេលនោះ។ នេះជាបញ្ហាដែលត្រូវរៀបចំក្រោយរំដោះជាតិ និងប្រជាជនចេញពីរបប ប៉ុលពត។ សំរាប់ជីវិតឯកជនវិញ ការរំដោះប្រទេស និងតំណែងរដ្ឋមន្ត្រី មិនអាចបញ្ចប់ទឹកភ្នែករបស់ខ្ញុំបានឡើយ។
មិនទាន់និយាយដល់គ្រួសារទាំងមូលនោះទេ និយាយត្រឹមតែប្រពន្ធនិងកូនខ្ញុំ គឺខ្ញុំត្រូវហូរទឹកភ្នែករយៈពេល៤៨ថ្ងៃថែមទៀត បន្ទាប់ពីថ្ងៃរំដោះ៧មករា១៩៧៩។
តាំងពីបែកគ្នាថ្ងៃ ២០ មិថុនា ១៩៧៧ ខ្ញុំមិនដែលទទួលព័ត៌មានថា ប្រពន្ឋនិងកូនខ្ញុំនៅរស់នោះទេ។ ដំណឹងដែលខ្ញុំទទួលបានទាំងអស់សុទ្ធតែបញ្ជាក់ថា ភរិយាខ្ញុំស្លាប់បាត់ទៅហើយ។ ព័ត៌មាននេះកាន់តែធ្វើឱ្យខ្ញុំជឿថែមទៀត ព្រោះពេលដែលប្រទេសរំដោះរួចហើយ ខ្ញុំបានស្វែងរកឃើញត្រឹមតែឪពុកមា្តយបងប្អូនបង្កើតរបស់ខ្ញុំតែប៉ុណ្ណោះ។ ឯខាងប្រពន្ធខ្ញុំបាត់ទាំងគ្រួសារតែម្តង ឪពុក-ម្តាយក្មេក បងថ្លៃ ប្អូនថ្លៃ។ល។ ខ្ញុំយំរាល់ថ្ងៃរាល់យប់ហើយក៏មិនដឹងរៀបចំខ្លួនម៉្តេចដែរ? ពេលឃើញថ្នាក់ដឹកនាំផ្សេងទៀតជួបជុំគ្រួសារចូលរួមរីករាយ តែខ្លួនឯងដេកយំ។ នេះជារឿងដ៏កំសត់របស់ខ្ញុំតាំងពីអាយុ១៣ ឆ្នាំ នៅពេលបែកចេញពីឪពុកម្តាយ មករៀននៅទីក្រុងភ្នំពេញរស់នៅជាមួយព្រះសង្ឃ។ ពេលប្រទេសមានសង្គ្រាមក៏កាន់តែឃ្លាតឆ្ងាយថែមទៀត។ ដល់ពេលមានភរិយាទុក្ខវេទនា ក៏កាន់តែខ្លាំងដោយសាររបបព្រៃផ្សៃ។ ជួបហើយព្រាត់ ព្រាត់ហើយជួប រហូតព្រាត់គ្នាមិនដឹងថាស្លាប់ឬរស់?។
តាមពិតភរិយាខ្ញុំ និងក្រុមគ្រួសារមានប្រាជា្ញ ដើម្បីការពារខ្លួន ព្រោះក្រោយរំដោះពីរបប ប៉ុលពត ខែមករា១៩៧៩ សភាពការណ៍នៅច្របូកច្របល់ណាស់។ ទោះដឹងថា ប្តីស្ថិតក្នុងតំណែងដ៏ខ្ពស់ក្នុងរដ្ឋាភិបាលតែត្រូវតែលាក់ប្រវត្តិហើយមកសម្ងំលាក់ខ្លួន និងរើសកួរស្រូវនៅសួងត្បូងឃ្មុំ។ ជំទាវរូបនេះដេកតាមវាលស្រែជាមួយ និងកូនដ៏កំសត់ដែលបែកពីឪពុកតាំងពីនៅក្នុងផ្ទៃម្តាយ។
កូនមួយនេះស្គាល់នូវរសជាតិ វារតាមភ្លឺស្រែ ជិះលើខ្នងគោ ខ្នងក្របី ហើយចុងក្រោយហៅឪពុកថាពូ រយៈពេល២ខែ។ ខ្ញុំជួបភរិយានិងកូនខ្ញុំនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ គឺ៤៨ថ្ងៃបន្ទាប់ពីប្រទេសត្រូវបានរំដោះនិងត្រូវជា ៦១៤ ថ្ងៃបើគិតពីថ្ងៃដែលយើងព្រាត់គ្នាចាប់ពីថ្ងៃ ២០ ខែមិថុនា ឆ្នាំ១៩៧៧ នៅពេលដែលខ្ញុំចេញមុខដឹកនាំការតស៊ូប្រឆាំងរបប ប៉ុល ពត។ ទោះពេលវេលាបានកន្លងហួសឆ្ងាយហើយក៏ដោយ តែខ្ញុំនៅតែស្រក់ទឹកភ្នែកនៅពេលខ្ញុំនឹកឃើញប្រវត្តិដ៏ឈឺចាប់ នៃជីវិតខ្ញុំនិងគ្រួសារក៏ដូចជា ទុក្ខវេទនារបស់ប្រជាជនកម្ពុជាទាំងមូលផងដែរ៕