(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០នេះ ដោយមានកិច្ចសហការពីសាលារាជធានីភ្នំពេញ និងពីបណ្តា ស្ថាប័ន សមាគម និងក្រុមយុវជនស្ម័គ្រចិត្ត ព្រមទាំងក្រុមហ៊ុនកូកាកូឡា គម្រោងសប្បុរសធម៌ផ្តួចផ្តើមដោយ មូលនិធិម៉ានី បាននាំយកនូវអំណោយទៅប្រគល់ជូនសង្កាត់ទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីបន្តចែកជូនទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតខ្លាំង នៅក្នុងមូលដ្ឋានជាក់ស្តែងរបស់សង្កាត់នីមួយៗ។
ផើ្តមចេញពីសង្កាត់ស្ទឹងមានជ័យទី៣ ដែលមានការចូលរួមពីសំណាក់លោក ហ៊ុន ម៉ានី នៅសង្កាត់ផ្សេងៗ រួមមាន សង្កាត់ព្រែកឯក ក៏ឃើញមានវត្តមានលោក ស សុខា ហើយជាមួយគ្នានោះ នៅតាមសង្កាត់ចំនួន២៣ផ្សេងទៀត ក្រុមយុវជនស្ម័គ្រចិត្ត នៃគម្រោងសប្បុរសធម៌នេះ ក៏កំពុងមានសកម្មភាពផងដែរ។
គម្រោងសប្បុរសធម៌នេះ មានគោលបំណងនាំយកអំណោយដែលក្រុមការងារមូលនិធិម៉ានី និងក្រុមយុវជនស្ម័គ្រចិត្តមកពី១៥ ក្រុមផ្សេងៗ បានធ្វើការវេចខ្ចប់រួច ទៅប្រគល់ជូនសង្កាត់ទាំង១០៥ នៅទូទាំងរាជធានីភ្នំពេញ ដើម្បីជាការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងជំងឺ COVID-19 ក្នុងប្រទេសកម្ពុជា។
ជាក់ស្តែង ក្នុងការឆ្លើយតបនឹងការរីករាលដាលនៃជំងឺ COVID-19 រាជរដ្ឋាភិបាលបានដឹកនាំ និងចាត់វិធានការច្បាស់លាស់ និងប្រកបដោយភាពហ្មត់ចត់ ប៉ុន្តែវិធានការទាំងអស់នេះ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត។
នៅក្នុងកម្មវិធីប្រគល់អំណោយនាព្រឹកនេះ សាលាសង្កាត់ស្ទឹងមានជ័យទី៣ ទទួលបានអំណោយដែលនឹងត្រូវយកទៅចែកបន្តជូនប្រជាពលរដ្ឋខ្វះខាត ចំនួន២៥០កញ្ចប់ ដែលក្នុងនោះ ១៥០កញ្ចប់ មានឡូហ្កូរបស់មូលនិធិម៉ានី រួមជាមួយនឹងសារ «យើងទាំងអស់គ្នានឹងឆ្លងផុតការលំបាកនេះជាមួយគ្នា» និង១០០កញ្ចប់ទៀត មានឡូហ្គូរបស់ក្រុមយុវជនស្ម័គ្រចិត្ដទាំង១៥ក្រុម។ សម្រាប់កញ្ចប់អំណោយនីមួយៗ មានដូចជា៖ អង្ករចំនួន ៥ គីឡូ, សាប៊ូលាងដៃចំនួន ១ដុំ, ទឹកស៊ីអ៊ីវ ចំនួន ១ដប និងទឹកភេសជ្ជចំនួន ១កំប៉ុង។
គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃនេះ ក្រុមការងារយុវជនស្ម័គ្រចិត្ត នឹងចាប់ផ្តើមនាំយកកព្ចាប់អំណោយ ទៅចែកជូននៅតាមសង្កាត់នានា ទាំង១០៥ សង្កាត់នៅរាជធានីភ្នំពេញ ទៅតាមការគ្រោងទុក ដោយសង្ឃឹមជឿជាក់ថា អំណោយទាំងអស់ នឹងបានចូលរួមចំណែកបន្ថែមទៀតក្នុងការសម្រួលការលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។
តាមរយៈសកម្មភាពសប្បុរសធម៌នេះ ពិតជាបានសបញ្ជាក់យ៉ាងច្បាស់នូវទឹកចិត្តនៃការចេះជួយគ្នាក្នុងគ្រាលំបាក និងស្មារតីរួមគ្នា ទាំងអស់គ្នាដើម្បីឆ្លងផុតនូវឧបសគ្គដែលប្រទេសជាតិកំពុងជួបប្រទះផងដែរ៕