(ភ្នំពេញ)៖ ដើម្បីបង្ហាញពីទឹកចិត្តថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេតេជោ ហ៊ុន សែន ក្នុងនាមដូចជា «ឪពុក» ដែលស្រឡាញ់ប្រជាពលរដ្ឋ ក្នុងនាមដូចជា «កូន» ដែលបានគិតគូរគ្រប់បែបយ៉ាងដើម្បីតែសេចក្តីសុខរបស់ជាតិ និងប្រជាជន។ បុរសមួយរូបរស់នៅរាជធានីភ្នំពេញ បានតែងកំណាព្យ១០ល្បះ «ទឹកចិត្តឪពុក» ជូនដល់ប្រមុខរាជរដ្ឋាភិបាល និងចែករំលែកដល់ប្រជាពលរដ្ឋ៖

«ទឹកចិត្តឪពុក»

១៖ ទឹកចិត្តឪពុក លាក់ទុក្ខរាល់ថ្ងៃ ព្រោះកូនប្រុសស្រីពេញមួយនគរ មាត់ស្តីដៃឱបទប់ភាពវឹកវរ កូនកុំឈូឆរចាញ់កល់ញុះញង់។

២៖ ទឹកចិត្តឪពុក ទ្រាំទុក្ខព្រោះកូន ពុកគឺជាក្បូនការពារទ្រទ្រង់ កូនៗស្រីប្រុសរស់ជុំរហង់ ឲ្យពុកបោះបង់កូនពុកម្តេចបាន។

៣៖ ទឹកចិត្តឪពុក ទោះទុក្ខលិចលង់ ក៏ឥតបោះបង់កូនៗកល្យាណ ដែលពុករំដោះពីពួកតិរិច្ឆាន ចិញ្ចឹមថ្កើងថ្កានធំធាត់ពេញវ័យ។

៤៖ ទឹកចិត្តឪពុក ទុក្ខព្រោះរោគឆ្លង រាតត្បាតកន្លង Covid ចង្រៃ ទើបពុកហាមឃាត់គ្រប់កូនប្រុសស្រី សូមយល់អភ័យកុំដើរឆ្លងខេត្ត។

៥៖ ទឹកចិត្តឪពុក ទុក្ខតែម្នាក់ឯង កូនៗរមែងខឹងឥតយល់ហេតុ រដូវចូលឆ្នាំបុណ្យទានខែចេត្រ ពុកហាមមានហេតុខ្លាចកូនឈឺឆ្លង។

៦៖ ទឹកចិត្តឪពុក ទុកកូនប្រុសស្រី ជាទ្រព្យថ្លាថ្លៃលើសលុបកន្លង ចង់ឃើញកូនសើចសប្បាយផុតហ្មង សុខភាពទាំងពួងរឹងមាំខ្លាំងក្លា។

៧៖ ទឹកចិត្តឪពុក ឥតចង់បានអ្វី ចូរកូនប្រុសស្រីកូនកុំមុសា ចូលឆ្នាំៗនេះកូននៅធ្វើការ ពុកសូមសន្យាសងកូនគាប់ចិត្ត។

៨៖ ទឹកចិត្តឪពុក ជាអ្នកសង្គ្រោះ ចង់ឲ្យកូនរស់ជួបជុំញាត្តិមិត្ត ពុកប្តូរឥតស្តាយសូម្បីជីវិត តតាំងបច្ចាមិត្តពលីគ្រប់យ៉ាង។

៩៖ ទឹកចិត្តឪពុក ទោះកូនមិនយល់ កូនល្ងង់ចាញ់កល់សត្រូវសាមាន្យ កូននៅតែកូនពុកឱបជាប់ប្រាណ កូនអើយកុំស្មានថាពុកបង់បោះ។

១០៖ ទឹកចិត្តឪពុក ទុកកូនជាធំ ឱបប្រមូលជុំផ្តុំកូនស្រីប្រុស យើងរួមដៃគ្នាកំចាត់ឲ្យអស់ លាងរោគរំដោះសុខភាពជាតិខ្មែរ៕