(ភ្នំពេញ)៖ ក្រសួងសុខាភិបាល តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០នេះ បានបន្តអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការកាពារជំងឺកូវីដ១៩ ខណៈករណីថ្មីត្រូវបានរកឃើញជាបន្តបន្ទាប់។
ក្រសួងសុខាភិបាល «សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រកាន់យកការផ្លាស់ប្តូរឥរិយាបទ ឬទម្លាប់របស់ខ្លួន ជាចាំបាច់នៅក្នុងដំណាក់កាលដែលវីរុសកូវីដ១៩ ត្រូវបានរកឃើញក្នុងចំណោមជនបរទេសជាបន្តបន្ទាប់នេះ និងអនុវត្តការដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ សម្រាប់បុគ្គលចំណាកស្រុក ដែលបានវិលត្រឡប់មកផ្ទះសម្បែង ហើយសំខាន់បំផុតនោះ ដើម្បីសុខភាពយើងទាំងអស់គ្នាចៀស ផុតពីការចម្លងវីរុសកូវីដ១៩ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែខិតខំអនុវត្តតាមការណែនាំ និងបទបញ្ជា ប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្លួនជាទីបំផុត»។
ក្រសួងបន្ថែមថា នៅក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សូមបងប្អូននៅផ្ទះ កុំធ្វើដំណើរចល័ត (ជាបណ្ដោះអាសន្ន) អនុវត្តនូវគម្លាតសុវត្ថិភាព នៅទីកន្លែងមានមនុស្សច្រើន និងសូមរក្សាអនាម័យល្អ ដូចជាឧស្សហ៍លាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល ឬទឹកដែលលាងដៃឱ្យបានញឹកញាប់ ប្រើប្រាស់ម៉ាស់ខ្ទប់មាត់ និងច្រមុះពេលក្អក កណ្ដាស់ជាដើម។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណកូវីដ១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ១៩បានជាសះស្បើយថ្មីចំនួន២នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយ សរុបកើនឡើងរហូតដល់៧៧នាក់ ខណៈរកឃើញករណីអ្នកឆ្លងថ្មី២នាក់។ នៅពេលនេះ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ មានចំនួន៤៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕