(ភ្នំពេញ)៖ ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ ជាមួយនឹងថ្នាំញៀនជាង១គីឡូក្រាម ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។
មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះថា ជនសង្ស័យទាំង២នាក់ និងថ្នាំញៀនជាង១គីឡូក្រាម ត្រូវបានបង្ក្រាបនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ការបង្ក្រាបករណីគ្រឿងញៀននេះ ធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បន្ទាប់ពីទទួលបញ្ជាពីនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលដឹកនាំកម្លាំងចុះប្រតិបត្តិការផ្ទាល់ ដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ដោយមានការសម្របសម្រួល ពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យទី១ ដែលបង្ក្រាបបាននៅភ្នំពេញ មានឈ្មោះ ឆៃ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និងជនសង្ស័យទី២ បង្ក្រាបបាននៅខេត្តកំពង់ស្ពឺ មានឈ្មោះ ស៊ឹម សុខជន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ការឃាត់ខ្លួនជនសង្ស័យនេះ ដោយមានការសហការពីកម្លាំងនគរបាលខេត្តកំពង់ស្ពឺផងដែរ។
វត្ថុតាងដែលរឹបអូសបានរួមមាន៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ជាង១.២គីឡូក្រាម ជញ្ជីងសម្រាប់ថ្លឹង សម្ភារវេចខ្ចប់មួយចំនួន។
មន្ត្រីនគរបាលដដែលរូបនេះ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបាកកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
សូមជម្រាបថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿង (ក៤) ដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀន១ករណីទៀត នៅរាជធានីភ្នំពេញ បង្ក្រាបបានថ្នាំញៀនជាង១គីឡូក្រាមផងដែរ ប៉ុន្តែសម្រាប់ជនសង្ស័យបានដឹងខ្លួន ក៏រត់គេចបាត់៕