(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី បានប្រកាសពីការរកឃើញ COVID-19 ១៨៤ករណីថ្មីបន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ ៤,៥៣០នាក់ ដែលជា តួលេខអ្នកឆ្លងខ្ពស់ជាងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសៅរ៍នេះ អគ្គនាយកសុខាភិបាលម៉ាឡេស៊ី លោក Noor Hisham Abdullah បានបញ្ជាក់ថា អ្នកជំងឺ COVID-19 ចំនួន៣នាក់ ក៏បានស្លាប់ផងដែរ នាំឱ្យអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់ ៧៣នាក់។ លោកបន្ថែមថា អ្នកជាសះស្បើយ ១៦៥នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ នៅថ្ងៃសៅរ៍នេះដែរ ហើយបូកបញ្ចូលតួលេខនេះ អ្នកជាសះស្បើយសរុបកើនដល់ ១,៩៩៥នាក់ ឬស្មើនឹង ៤៤ភាគរយនៃករណីឆ្លងសរុប។
គួរជម្រាបថា ជាវិធានការទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 រដ្ឋាភិបាលម៉ាឡេស៊ី កាលពីថ្ងៃសុក្រ បានប្រកាសបន្តការអនុវត្តវិធានការបិទប្រទេស រយៈពេល១៤ថ្ងៃ បន្ថែមទៀត ពោលរហូតដល់ថ្ងៃទី២៨ ខែមេសា៕