(ភ្នំពេញ)៖ មកទល់ពេលនេះគិតទៅរយៈពេល៥ខែទៅហើយ នៅតែមានការជជែកវែកញែកអំពីវីរុសកូរ៉ូណាចេញមកពីណា និងដល់ពេលណាទើបវាផុតរលត់ពីលោកយើងនេះ?
បណ្តាញសារព័ត៌មានបរទេសបានចុះផ្សាយជាបន្តបន្ទាប់ថា វីរុសកូរ៉ូណា ចេញមកពីទីក្រុងវូហាន (Wuhan) ក្នុងខេត្ត ហឺបេ (Hebei) របស់ប្រទេសចិន ហើយមានប្រភពដើមពីសត្វប្រចៀវ បើទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវ នៅឡើយ។ ទន្ទឹមនេះ ក៏មានព័ត៌មានខ្លះសរសេរពីការចោទប្រកាន់គ្នាទៅវិញទៅមករវាងចិននិងអាមេរិកថា «ជាអ្នកបង្កើត ឬជាអ្នកទទួលខុសត្រូវ» លើវីរុសនេះរហូតដល់ត្រៀមរៀបចំប្តឹងផ្តល់គ្នាទៅទៀត។
ដំណាលគ្នានេះ ក៏មានការសន្និដ្ឋាន និងនិយាយតៗគ្នាដែលស្តាប់ទៅដូចជាទំនងម្យ៉ាងដែរ ឧទាហរណ៍ការសន្និដ្ឋានដោយការស្រមើស្រមៃមួយថា ប្រហែលជាស្ត្រីណាម្នាក់អាចពាក់ព័ន្ធនឹងវីរុសនេះដែរ បានជាអ្នករងគ្រោះភាគច្រើនលើសលប់ជាបុរសវ័យចំណាស់ដែលនៅមានថាមពល ហើយដោយសារវីរុសកូរ៉ូណានេះហើយ ដែលបានចាប់បង្ខំប្រុសៗឲ្យនៅផ្ទះជាមួយប្រពន្ធៗទាំងថ្ងៃទាំងយប់ រហូតក្លាយជាបុរសគ្រប់ល័ក្ខ ទោះជាគេធ្លាប់លាក់ស្រីៗខ្លះនាពេលកន្លងមកក៏ដោយ។
យោងតាមតួលេខអ្នកស្លាប់ជិត៤០០០នាក់នៅប្រទេសចិន ចំនួនបុរសមានដល់ទៅជាង៦០ភាគរយឯណោះ។ ដូចគ្នានៅប្រទេសអ៊ីតាលី មានការសិក្សាមួយទៅលើអ្នកជំងឺធ្ងន់ធ្ងរចំនួន១ម៉ឺន៥ពាន់នាក់ ក្នុងនោះ៨០ភាគរយជាបុរស។
* វីរុសកូរ៉ូណា កាចសាហាវនិងឃោរឃៅហួសពីការស្មាន!
វីរុសកូរ៉ូណា បានធ្វើឲ្យពិភពលោកខ្លាច ខ្លាចរហូតដល់ធ្វើឱ្យមនុស្សលែងជឿមនុស្ស ប្តីខ្លាចប្រពន្ធ ប្រពន្ធខ្លាចប្តី។ មនុស្សរាប់លាននាក់បានបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល និងរាប់ម៉ឺននាក់ទៀតបានបាត់បង់ជីវិតជាបន្តបន្ទាប់ សូម្បីតែគ្រួពេទ្យដែលមានជំនាញវេជ្ជសាស្រ្ត ជាអ្នកសង្គ្រោះជីវិតអ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិតដែរ ។ ជំងឺមួយនេះបានធ្វើឲ្យពិភពលោកបានស្គាល់នូវស្ថានភាពមួយដែលគេធ្លាប់ឮកាលពីបួនទសវត្សរ៍មុន នោះគឺមានផ្លូវអត់មនុស្សដើរ និងរស់ក្នុងសភាពគុកឥតជញ្ជាំងដែលពលរដ្ឋកម្ពុជាធ្លាប់ជួបប្រទះនៅចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩ ។
ជាមួយនឹងទុក្ខសោកនិងក្តីលំបាកដែលពិភពលោកទាំងមូលកំពុងជួបប្រទះស្រ្តីមេផ្ទះមួយចំនួនបែរជាចាប់ផ្តើមស្រលាញ់ប្តីច្រើនជាងមុននិងខ្លាំងជាងមុន ។ ប៉ុន្មានថ្ងៃមកនេះ មានការចែកចាយតៗគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក អំពីរូបស្រ្តីម្នាក់ដោយការសរសេររៀបរាប់ថា គាត់បានរៀបអាពាហ៍ពិពាហ៍អស់រយៈពេល៤ឆ្នាំហើយ ទើបទទួលបាននូវលាភកូនដំបូងក្នុងជីវិតនៅពេលនេះ ព្រោះបានប្ដីនៅក្បែរជាមួយរហូត។ ទោះជារឿងពិតឬជាការប្រឌិតលើការបង្ហោះរូបខាងលើ មានភរិយារបស់មិត្តភក្តិខ្ញុំមួយចំនួនពិតជាបាននិយាយស្រដៀងគ្នានេះដែរ។ ក្នុងបរិបទនេះ ធ្វើឱ្យគេនាំគ្នាធ្វើការប្រមើលមើលថាបន្ទាប់ពីវីរុសកូរ៉ូណាវាយលុកពិភពលោកនេះមក អត្រាកុមារនឹងអាចមានកំណើនឡើងមួយជាពីរនៅដើមឆ្នាំ២០២១ខាងមុខនេះ តែក៏មានការបារម្ភថា ចំនួនអ្នកលែងលះគ្នាក៏ច្រើនណាស់ដែរ ព្រោះដល់ពេលដែលត្រូវធុញគ្នា ទើសគ្នាទៅវិញទៅមក ដែលស្ថានភាពនេះបានកើតឡើងរួចទៅហើយនៅប្រទេសចិន ។
* វីរុសសកូរ៉ូណាចេញពីចិន តែបែរជាស្លាប់នៅអាមេរិកច្រើនជាងទៅវិញ!
ពិតជាចម្ងល់ដ៏ធំមួយដែលគេឆ្ងល់ថា បើប្រភពដើមចេញពីប្រទេសចិនមែន ហេតុអ្វីបានជាអ្នកដែលរងគ្រោះខ្លាំងជាងគេនោះ នៅឯទ្វីបម្ខាងទៀតនៃភពផែនដីទៅវិញ ហើយក៏ជាប្រទេសមហាអំណាចធំពិភពលោកដែលកំពុងឈ្លោះជាមួយចិន? ចិនមានប្រជាជនជាង១ពាន់លាននាក់ តែអ្នកឆ្លងវីរុសកូរ៉ូណាមិនដល់១០ម៉ឺននាក់ផង រីឯអ្នកស្លាប់មានតែជាងបីពាន់នាក់ ខណៈដែលនៅអាមេរិកមានប្រជាពលរដ្ឋតែជាង៣០០លាននាក់ មានអ្នកឆ្លងរហូតដល់ជិត៥០ម៉ឺននាក់ ហើយអ្នកដែលស្លាប់កើនឡើងដល់ទៅជិត២ម៉ឺននាក់ឯណោះ (គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០) ។
* ចិនមានថ្នាំព្យាបាលវីរុសសកូរ៉ូណា?
នៅពេលដែលពិភពលោកកំពុងវិលវល់នឹងការស្រាវជ្រាវដ៏អន្ទះអន្ទែងដើម្បីសង្រ្គោះជីវិតមនុស្ស ជាពិសេសប្រជាពលរដ្ឋរបស់ខ្លួនរៀងៗខ្លួន ចិនបានសំងំព្យាបាលអ្នកជំងឺដោយថ្នាំបុរាណរបស់ខ្លួន។ សារព័ត៌មានចិនបានផ្សាយថា អ្នកជំងឺប្រមាណជា៩០ភាគរយបានព្យាបាល ជាដោយសារតែថ្នាំបុរាណនេះឯង ប៉ុន្តែចិនមិនបានផ្សព្វផ្សាយប្រាប់ដល់ពិភពលោកនោះទេ ព្រោះពុំទាន់មានការសិក្សាច្បាស់លាស់ផ្នែកវិទ្យាសាស្ត្រវេជ្ជសាស្ត្រដែលទទួលស្គាល់ជាសាកលនៅឡើយ។
ថ្នាំនេះតាមពិតត្រូវបានចិនយកមកប្រើប្រាស់តាំងពីសម័យកាលជំងឺឆ្លងវីរុសសារ (SARS) នៅឆ្នាំ២០០២-២០០៤ ដែលត្រូវបានគេរកឃើញដំបូងនៅខេត្តគួងដុង (Guandong) ប្រទេសចិន ហើយដែលបណ្តាលឲ្យមនុស្សចំនួនជិត១០ម៉ឺននាក់បានឆ្លងក្នុងចំណោមប្រទេសចំនួន២៩ និងបណ្តាលឲ្យមនុស្សជិត១ពាន់នាក់បានស្លាប់ ។ យ៉ាងណាក៏ដោយក៏ពុំទាន់មានប្រភពច្បាស់ការណាមួយ ឬអង្គការសុខភាពពិភពលោកទទួលស្គាល់ថាមានថ្នាំព្យាបាលជំងឺខូវីដ-១៩ ជានៅឡើយទេ ។
* អាមេរិកដឹងថាមានវីរុសរាតត្បាតដ៏កាចសាហាវនឹងកើតឡើង
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ហ្សច ដាប់បាល់យូ ប៊ូស (George W Bush) បានថ្លែងសុន្ទរកថាមួយនៅឯវិទ្យាស្ថានជាតិសុខាភិបាលអាមេរិក កាលពីឆ្នាំ២០០៥ ថា សហរដ្ឋអាមេរិកនឹងប្រឈមនូវជំងឺឆ្លងដ៏កាចសាហាវមួយ ហើយបើមិនបានត្រៀមខ្លួនជាមុនទេ អាមេរិកនឹងបាត់បង់ម្ចាស់ការ តែលោកក៏មិនដឹងច្បាស់ថាពេលណាមួយវានឹងកើតឡើងនោះដែរ។ តាមពិតលោក George W Bush (កូន) និយាយកាលណោះ ដោយគាត់យោងទៅលើសៀវភៅមួយក្បាល (The Great Influenza) ដែលសរសេរពី “ជំងឺឆ្លងផ្តាសាយនៅឆ្នាំ១៩១៨” ដែលបានបណ្តាលឲ្យមនុស្សចន្លោះពី១៧ទៅ៥០លាននាក់បានបាត់បង់ជីវិត។ វាជាជំងឺមួយដែលគេហៅថា ផ្តាសាយអេស្ប៉ាញ (La Gripe Espanola) ឬ ជាជំងឺសុបិនអាក្រក់ (The Nightmare) ។ នៅពេលនោះ លោក ប៊ូស បានលើកជាយុទ្ធសាស្រ្តបីចំណុច៖ ទីមួយ ត្រូវរកឲ្យឃើញឬចាប់ឲ្យបានថាវាចេញមកពីណា ។ ទីពីរ ត្រូវត្រៀមការពារពលរដ្ឋអាមេរិកដោយការស្តុកវ៉ាក់សាំងនិងថ្នាំប្រឆាំងនឹងវីរុសនិងផលិតវ៉ាក់សាំងថ្មីៗឲ្យបានលឿនជាទីបំផុត និងទីបី ត្រូវត្រៀមខ្លួនដើម្បីឆ្លើយតបភ្លាមៗទាំងកំរិតថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន នៅពេលដែលជំងឺឆ្លងចូលមកដល់ទឹកដីរបស់អាមេរិក ហើយដើម្បីត្រៀមលក្ខណៈឲ្យបានល្អនិងជោគជ័យ លោក ប៊ូស បានស្នើថវិការចំនួន៧ពាន់លានដុល្លារដើម្បីត្រៀមប្រយុទ្ធជាមួយនឹងជំងឺឆ្លងដ៏កាចសាហាវនេះ។
* ដឹងហើយ ហេតុអ្វីបានជាអាមេរិកបរាជ័យក្នុងការទប់ស្កាត់?
ក្រុមអ្នកឃ្លាំមើលបញ្ហាអន្តរជាតិរបស់សហគមអឺរ៉ុប (Modern Diplomacy) បានសរសេរថា ទង្វើអវិជ្ជមាន (ក្រអឺតក្រទម)ការពន្យារពេល និងការខុសឆ្គងផ្នែកគោលនយោបាយ បានបណ្តាលឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសដែលរងគ្រោះខ្លាំងបំផុតនៅលើពិភពលោក។ គេបានលើកឡើងថា នៅពេលដែលចិនកំពុងធ្វើសង្គ្រាមប្រឆាំងនឹងវីរុសកូរ៉ូណា អាមេរិកបែរជាស្តីបន្ទោសចិន វាយប្រហារចិន រិះគន់ចិននិងព្យាយាមធ្វើឱ្យចិនចុះខ្សោយ។ គេថា រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ខ្ជះខ្ជាយពេលវេលាដោយអចេតនា។ ទន្ទឹមនឹងនេះ គេក៏បានស្តីបន្ទោសរដ្ឋបាល Trump វិញថា បរាជ័យក្នុងការជួយសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងគ្រាដ៏លំបាកបំផុតនៅពេលដែលប្រទេស អ៊ីតាលី បារាំង អង់គ្លេស និងអេស្បាញ ស្ថិតនៅដំណាក់កាលដំបូងបំផុតនោះ។ គេថាប្រសិនបើតាំងពីដើមមកសហរដ្ឋអាមេរិកបានជួយសម្ព័ន្ធមិត្តរបស់ខ្លួនវាប្រហែលជាមិនរីករាលដាលខ្លាំងទេ ហើយប្រហែលជាមិនអាចទៅដល់អាមេរិកទៀតផង។
* វីរុសកូរ៉ូណានឹងមានជីវិតដល់ពេលណា?
ពុំមាននរណាម្នាក់ហ៊ានអះអាងថា វីរុសដ៏កំណាចនេះនឹងរលាយនៅពេលណានោះទេ ក្រៅតែពីការសន្និដ្ឋានខ្លះៗថា វាអាចនឹងសាបរលាបទៅវិញនៅមុនដំណាច់ឆ្នាំនេះ អាស្រ័យទៅលើសមត្ថភាពនៃការប្រយុទ្ធប្រឆាំងជាសាកល និងវិទ្យាសាស្រ្តផ្នែកវេជ្ជសាស្រ្ត ប៉ុន្តែបើយើងសិក្សាពីប្រវត្តិនៃវីរុសផ្តាសាយឬជំងឺផ្លូវដង្ហើមនានាដែលកើតមានកន្លងមកដូចជា ផ្តាសាយអេស្ប៉ាញ បានអូសបន្លាយពេលអស់បីឆ្នាំ (ពីខែមករា ១៩១៨ ដល់ខែធ្នូ ឆ្នាំ១៩២០) និងជំងឺសារ (SARS) ចាប់ផ្តើមផ្ទុះពីខែវិច្ឆិការ ឆ្នាំ២០០២ ដល់ខែឧសភា ឆ្នាំ២០០៤ ។
* វីរុសកូរ៉ូណាគ្មានបាស្ព័រ ហើយក៏គ្មានវីសាដែរ
វីរុសកូរ៉ូណាគ្មានបាស្ព័រ គ្មានវីសា មិនលំអៀង មិនស្គាល់ព្រំដែន អត់ស្គាល់ពូជសាសន៍ សាសនា ឬជនជាតិអ្វីឡើយ តែអ្វីដែលអាចទប់ស្កាត់ និងប្រឆាំងវាបាន គឺការរួមគ្នាដោយគ្មានការប្រមាថ ការរិះគន់ និងការធ្វេសប្រហែស ។
ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយតបទៅនឹងលោកប្រធានាធិបតី Trump ថា «សូមកុំធ្វើនយោបាយវីរុសកូរ៉ូណានេះឲ្យសោះ ។ រាល់គណបក្សនយោបាយគួររួមគ្នាជួយសង្គ្រោះប្រជាជនរបស់ពួកគេ។ ប្រសិនបើអ្នកចង់កេងប្រវ័ញ្ច និងធ្វើនយោបាយលើមេរោគនេះ សូមអ្នកត្រៀមថង់ដើម្បីវេចសាកសពឲ្យហើយទៅ»៕
ដោយ៖ លោក ពុយ គា