(កំពង់ស្ពឺ)៖​ មេបញ្ជាការរងរថក្រោះ លោកឧត្តមសេនីយ៍ទោ សៅ សៀប ត្រូវបានគេរាយការណ៍ថា បានបាញ់ចំនួន៣គ្រាប់ ពេលមានជម្លោះដីធ្លីជាមួយស្រ្តីម្នាក់ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ប៉ុន្តែការផ្ទុះអាវុធនេះ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ ដល់ជនណាម្នាក់នោះឡើយ ។

ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ សោម បូរ៉ា បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះថា ពិតជាមានករណីផ្ទុះអាវុធមែន ពីសំណាក់មន្រ្តីយោធា ហើយនៅពេលនេះកម្លាំងរបស់លោក និងអង្គភាពរបស់គេ កំពុងសហការស្រាវជ្រាវចាត់ការតាមនីតិវិធី។

ភ្នាក់ងារអង្គភាព Fresh News បានរាយការណ៍ថា ​ករណីផ្ទុះអាវុធ៣គ្រាប់ ពីសំណាក់លោក​ឧត្តមសេនីយ៌ផ្កាយ២​ សៅ ​សៀប​ តួនាទីជា​មេបញ្ជការរងរថក្រោះ នៅវេលាម៉ោង៣៖ ៣០នាទី រសៀលថ្ងៃទី៧ ​ខែ​មករា​ ឆ្នាំ​២០១៦​ នៅត្រង់ចំណុចភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

តាមសេចក្តីរាយការណ៍ ដើមហេតុដែលបណ្តាលឲ្យលោកផ្កាយ២​ ផ្ទុះអាវុធចំនួន៣គ្រាប់នោះ គោលបំណងដើម្បីគំរាមស្រ្តីម្នាក់ ជាឈ្មួញរកស៊ី ឈ្មោះ កាំង ប៊ុជីង ដែលជាអ្នកទិញដីពីលោក។

កាលពីពេលកន្លងទៅ លោកឧត្តមសេនីយ៍រូបនេះ បានលក់ដីចំនួន១០ហិកតាទៅឲ្យឈ្មោះ ​កាំង ​ប៊ុនជីង​ ហើយបន្ទាប់ពីលក់រួចមិនយូរប៉ុន្មានលោកផ្កាយ២ បានសុំម្ចាស់ដីដោះដូរទីតាំងថ្មី ដោយឲ្យទៅយកនៅកន្លែងផ្សេង។

ពេលនោះស្រ្តីជាម្ចាស់ដី ក៏យល់ព្រមដោយសារស្គាល់លោកផ្កាយ២ លុះពេលទៅយកដីនៅកន្លែងផ្សេង លោកផ្កាយ២រូបនោះ បានឲ្យដីតែ៦ហិកតាតែប៉ុណ្ណោះ។ តែស្រ្តីរូបនេះមិនទទួលយកទេ ព្រោះវាមិនគ្រប់ចំនួនក៏ធ្វើឲ្យមានជម្លោះ ប្រកែក និងជេរគ្នាបង្កទៅជារឿធំ បានធ្វើឲ្យលោកផ្កាយ២រូបនោះ មានការខឹងសម្បារជាខ្លាំង បានទាញកាំភ្លើងខ្លីបាញ់គំរាមស្រ្តី កាំង ប៊ុនជីង ចំនួន៣គ្រាប់ បន្ទាប់ពីបាញ់ហើយ លោកផ្កាយ២រូបនោះបានជិះរថយន្ត គេចចេញពីន្លែងកើតហេតុ បាត់ស្រមោលបាត់ទៅ៕

\