(ភ្នំពេញ)៖ យោងតាមទិន្នន័យផ្លូវការ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលអង្គភាព Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា នៅពេញមួយឆ្នាំ នៃឆ្នាំ២០១៥ ប្រទេសកម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៥៣ម៉ឺនតោន កើនឡើង៣៩ភាគរយ បើធៀបនឹងឆ្នាំ២០១៤។
របាយការណ៍ការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០១៥ កម្ពុជាបាននាំចេញអង្ករចំនួន ៥៣៨ ៣៩៦ តោនកើនឡើងចំនួន ៣៩ភាគរយ បើធៀបនឹងឆ្នាំ២០១៤ ដែលមានត្រឹមតែ ៣៨៧ ០៦១ តោនប៉ុណ្ណោះ។
បើតាមរបាយការណ៍ក្នុងឆ្នាំ២០១៥ កន្លងទៅនេះ ប្រទេសចិនបាននាំមុខគេ ក្នុងការនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ ប្រមាណជាង១០ម៉ឺនតោន, លេខ២ ប្រទេសបារាំង ប្រមាណជាង៧ម៉ឺនតោន, លេខ៣ ប្រទេសប៉ូឡូញ ប្រមាណជាង៦ម៉ឺនតោន, ទី៤ ប្រទេសហូឡង់ បានជិត៦ម៉ឺនតោន និងទី៥ ប្រទេសម៉ាឡេស៊ី បានជិត៥ម៉ឺនតោន។
ដោយឡែកក្រុមហ៊ុន ដែលនាំចេញអង្ករទៅកាន់ទីផ្សារបរទេសច្រើនជាងគេ គឺ លេខ១ ក្រុមហ៊ុន Amru Rice របស់លោកឧកញ៉ា សុង សារ៉ន បានចំនួន ជាង៦ម៉ឺនតោន, លេខ២ ក្រុមហ៊ុនខ្មែរហ្វូដ របស់លោកឧកញ៉ា គឹម សាវុធ បានចំនួនជិត៦ម៉ឺនតោន, លេខ៣ ក្រុមហ៊ុន Golden Rice របស់លោក សុខ ហាច នាំចេញបានជិត៥ម៉ឺនតោន, លេខ៤ ក្រុមហ៊ុនបៃតង របស់លោកឧកញ៉ា ភូ ពុយ នាំចេញអង្ករបាន ៣,៥ម៉ឺនតោន និង លេខ៥ ក្រុមហ៊ុន Cristal Rice នាំចេញបាន ៣,១ម៉ឺនតោន៕