(ភ្នំពេញ)៖ ទឹកជែលលាងដៃចំនួន ៦០០ដបត្រូវបានលោកស្រី តាវ ដានី អគ្គនាយិការក្រុមហ៊ុនរាជនិនីឈូកពេជ្រ QDL នាំយកទៅប្រគល់ជូនដល់សាលាខណ្ឌទួលគោក ដើម្បីទុកប្រើប្រាស់តាមតម្រូវការ ជាការចូលរួម ចំណែកជួយទប់ស្កាត់ការជំងឺឆ្លងកូវីដ-១៩ដែលបច្ចុប្បន្នកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង។
ពិធីប្រគល់នេះធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នៅសាលាខណ្ឌទួលគោកដោយបានការចូលរួមទទួលពីលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក រួមជាមួយមន្ត្រី និងបុគ្គលិកក្រុមហ៊ុនជាច្រើនរូបផងដែរ។
លោក ឯក ឃុនឌឿន តំណាងឲ្យមន្ត្រី និងប្រជាពលរដ្ឋនៅក្នុងខណ្ឌទួលគោកទាំងអស់ បានថ្លែងអំណរគុណដល់លោកស្រីអគ្គនាយិការក្រុមហ៊ុន រួមទាំងបុគ្គលិកទាំងអស់ដែលបានខិតខំ ចំណាយថវិកាបរិច្ចាគនូវជែលលាងដៃ ដែលបច្ចុប្បន្នគឺជាតម្រូវការដ៏ចាំបាច់ក្នុងការប្រើប្រាស់ដើម្បីទប់ស្កាត់ការចម្លងវិរុសកូវីដ-១៩របស់មន្ត្រី និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ក្នុងនោះលោកនឹងយកទឹកជែល សម្រាប់ចែកឲ្យមន្ត្រីរបស់លោកពេលចុះបំពេញការងារ និងសំរាប់ប្រើប្រាស់ដល់សាធារណជននៅក្នុងមូលដ្ឋានទៀតផង។
លោកស្រី តាវ ដានី បានលើកឡើងថា ដោយមើលឃើញពីតម្រូវការចាំបាច់របស់សាលាខណ្ឌទួលគោកនូវឧបករណ៍ និងសម្ភារបម្រើការឲ្យចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃវិរុសកូវីដ-១៩ ទើបលោកស្រីបានចំណាយថវិកាទិញទឹកជែលលាងដៃ យកមកឧបត្ថម្ភ ទោះបីមិនគ្រប់គ្រាន់ក៏អាចជួយរួមចំណែកទប់ស្កាត់បានមួយចំណែកផងដែរ៕