(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណួរ របស់អ្នកកាសែតថា តើក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលប៉ុន្មាននាក់ហើយ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីព្យាបាលជំងឺកូវីដ១៩? លោកស្រី ឱ វណ្ណឌី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា លោកស្រីមិនមានព័ត៌មាននេះទេ គ្រាន់តែពន្យល់ថា គ្រូពេទ្យដែលមើលអ្នកជំងឺកូវីដ១៩ ទាំងអស់មានការផ្លាស់ប្តូរវេនគ្នា ក្រោយពីមើលអ្នកជំងឺរួចហើយ ខ្លួនឯងត្រូវនៅដាច់ដោយឡែក១៤ថ្ងៃដែរ។
ជាមួយនឹងការបញ្ជាក់នេះ លោកស្រី ឱ វណ្ណឌីន ក៏បានលើកយកនូវបទចម្រៀងចំនួន២បទ ដែលនិពន្ធ និងច្រៀងដោយក្រុមគ្រូពេទ្យ ព្យាបាលជំងឺកូវីដ១៩ ដោយក្នុងបទចម្រៀងទាំងនោះ បានបង្ហាញពីអារម្មណ៍ពិតរបស់ពួកគាត់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដ៏កាចសាហាវ។
លោកស្រីបន្តថា បទចម្រៀងដែលនិពន្ធ ដោយក្រុមគ្រូពេទ្យ បង្ហាញពីអារម្មណ៍របស់ពួកគាត់ ដែលបទចម្រៀងទី១មានន័យថា «ពួកខ្ញុំសង្ឃឹមថាជំងឺដ៏កាចសាហាវនេះ នឹងរលាយសាបសូន្យ ហើយថ្ងៃថ្មីនៃប្រជាយើងនឹងបានក្តីសុខ» និងបទច្រៀងទី២មានន័យថា «ពួកខ្ញុំកំពុងចត្តាឡីស័ក១៤ថ្ងៃ រង់ចាំថ្ងៃថ្មីដែលពួកខ្ញុំបានត្រឡប់ទៅជួបប្រពន្ធកូន និងមនុស្សជាទីស្រឡាញ់»។
ដើម្បីដឹងច្បាស់ពីអត្ថន័យបទចម្រៀងទាំង២បទនេះ យ៉ាងណានោះលោកស្រី ឱ វណ្ណឌី ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីលើកទឹកចិត្តក្រុមគ្រូពេទ្យរបស់យើង៕
សូមស្តាប់ និងទស្សនាវីដេអូចម្រៀងដូចខាងក្រោម៖