(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ បានអរគុណក្រុមការងារគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត មន្ទីរសុខាភិបាលខេត្ត និងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការសម្អាត រៀបចំ និងដាក់ដំណើរការនូវមណ្ឌលចត្តាឡីស័ក សម្រាប់ប្រជាពលរដ្ឋខ្មែរវិលមកពីក្រៅប្រទេស (មកពីច្រកអូស្មាច់ ក្រុងសំរោង, និងច្រកជាំស្រង៉ាម ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ, និង ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) ដែលមានទីតាំងស្ថិតក្នុងសាលាគរុកោសល្យ និងវិក្រិត្យការខេត្តសៀមរាប។
បើតាមមន្ត្រីសាលាខេត្ត បានឲ្យដឹងថា ការស្នាក់នៅបណ្តោះអាសន្ននេះ គឺដើម្បីតាមដាន ត្រួតពិនិត្យពីសុខភាព ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្ត និងស្តាប់ការណែនាំពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ឲ្យប្រកាន់ខ្ជាប់នូវវិធានអនាម័យ និងការសម្លាប់មេរោគជាប្រចាំ បើមានរោគសញ្ញាអ្វីកើតឡើងត្រូវរាយការណ៍ជាបន្ទាន់។
ក្នុងករណីមានរោគសញ្ញាសង្ស័យ មន្ត្រីជំនាញនឹងយកសំណាកទៅពិនិត្យ តែក្នុងករណីគ្មានរោគសញ្ញាអ្នកចំណូលស្រុកមកពីក្រៅប្រទេសទាំងនោះ នឹងត្រូវដឹកជញ្ជូនទៅរក្សានៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ នៅទីតាំងដែលបានរៀបចំនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ (នៅមណ្ឌលចត្តាឡីស័កដែលអាជ្ញាធរបានកំណត់) ដោយមិនទាន់អនុញ្ញាតឲ្យទៅកាន់លំនៅស្ថាននោះឡើយ៕