(កណ្តាល)៖ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងសហការី នៅរសៀលថ្ងៃ១០ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ បច្ច័យ វេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បាននាំយកនូវបច្ច័យចំនួន៥០លានរៀល ជាមួយទេយ្យវត្ថុរួមមាន៖ អង្ករ៣តោន, មី១០០កេស, ត្រីខ១០កេសធំ, ទឹកក្រូច៣០កេស, ទឹកសុទ្ធ ៣០កេស, ទឹកដោះគោខាប់៥កេស, កាហ្វេហ្គោរូស៣០កញ្ចប់ធំ, តែ៥គីឡូក្រាម, ស្ករស៥០គីឡូក្រាម, អាល់កុល៤០លីត្រ, និងម៉ាស៣០០ ដើម្បីជាការជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តអារាមនេះ ដែលមានព្រះសង្ឃបំពេញវិជ្ជា នៅពុទ្ធកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហាជាង៣០០អង្គផងដែរ។
ក្នុងឱកាសនោះ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះលេខាធិការគណៈខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី បានមានព្រះពុទ្ធដិការ អំណរគុណ និងកោតសរសើរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបន្ដយកចិត្ដទុកដាក់គ្រប់ពេលវេលា មិនថានៅពេលវេលាណានោះទេ តែងតែរមែងខ្វាយខ្វល់ ពីសុខទុក្ខផលពិបាកនានា និងជួយដោះស្រាយសម្រាលការខ្វះខាតដល់ពលរដ្ឋគ្រប់គ្នា ជាក់ស្ដែងព្រះសង្ឃនៅតាមវត្ដអារាម ក្នុងអំឡុងមានជំងឺកូវីដ១៩ ដ៏កាចសាហាវ ដែលកំពុងតែឆក់យកជីវិតមនុស្ស និងធ្វើឱ្យមានវិបត្ដិសេដ្ឋកិច្ចនៅលើសកលលោក។
លើសពីនោះ ការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន។ ជាមួយគ្នានោះ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ក៏បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យព្រះរាជាណាចក្រកម្ពុជា ចៀសផុតពីជំងឺកូវីដ-១៩ នឹងនាំមកនូវភាព សុខដុមរមនាដល់ប្រទេសជាតិជារៀងរហូត៕