(ភ្នំពេញ)៖ ក្រុមហ៊ុន ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី (Oxley Gem) បានឱ្យដឹងថា គម្រោងសាងសង់អគារ The Peak អាចនឹងសាងសង់រួចជាស្ថានពរមុនពេលកំណត់ ព្រោះបានសម្លឹងឃើញថា ក្រុមហ៊ុនម៉ៅការ China Railway Urban Construction Group Co. , Ltd (CRUCG) បានខិតខំប្រឹងប្រែងពន្លឿនការងារនេះ យ៉ាងយកចិត្ដទុកដាក់។
តាមបញ្ជាក់របស់ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី (Oxley Gem) បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះថា គ្រាន់តែក្នុងរយៈពេលមួយខែ បន្ទាប់ពីក្រុមហ៊ុន CRUCG បានចាប់ផ្តើមការងារសាងសង់ ក្រុមហ៊ុននេះបានបង្ហាញថា ខ្លួនមានសមត្ថភាពអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍ខ្ពស់ ក្នុងការគ្រប់គ្រងគម្រោងនេះ។
ទន្ទឹមនឹងនោះ លោក Jia Ruo Hua អគ្គនាយកនៃសាខាក្រុមហ៊ុន CRUCG ប្រចាំកម្ពុជាបានថ្លែងថា «យើងបានចំណាយពេលវេលា និងធនធានជាច្រើន ដើម្បីក្រុមរបស់យើងធ្វើការលើគម្រោងនេះយ៉ាងពេញលេញ។ អ្នកម៉ៅការបន្ត និងកម្មករជាច្រើន ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន CRUCG ក៏មានការជំរុញទឹកចិត្ត និងគាំទ្រខ្ពស់ផងដែរ ដើម្បីធ្វើឱ្យគម្រោងនេះត្រូវបានបញ្ចប់ក្នុងពេលដ៏ឆាប់ខាងមុខនេះ»។
ជាមួយគ្នានោះ ក្រុមហ៊ុន Oxley Gem ក៏ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដៃគូវិនិយោគិន និងអ្នកពាក់ព័ន្ធទាំងអស់ ចំពោះការអត់ធ្មត់ និងការយោគយល់ លើការតែងតាំងអ្នកម៉ៅការចម្បងថ្មី ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ លទ្ធផលភ្លាមៗនៃវឌ្ឍនភាពការងារ បានបង្ហាញថា ការអនុវត្តនេះ គឺជាការសម្រេចចិត្តត្រឹមត្រូវ និងទាន់ពេលវេលាសម្រាប់ផលប្រយោជន៍ល្អបំផុតរបស់គម្រោង៕