(ភ្នំពេញ)៖ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឲ្យប្រជាពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជំរុញផលិតកម្មកសិកម្មរួមមាន ការចិញ្ចឹមជ្រូក មាន់ ទា ត្រី និងដាំបន្លែ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ ឲ្យតម្រូវការក្នុងស្រុក ហើយឆ្លៀតយកឱកាសនេះបង្កើតជាកាលានុវត្តភាព សម្រាប់វិស័យកសិកម្ម ខណៈកម្ពុជាបិទការនាំចូលពីខាងក្រៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល ជំងឺឆ្លងសកលកូវីដ១៩, នៅព្រឹកទី១១ ខែមេសា ឆ្នាំ២០២០នេះ បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណកម្មាធិការទី៣នៃព្រឹទ្ធសភាព សហប្រធានក្រុមការងារជាមួយវិស័យឯកជន (ក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ក្រុម «ក») និងជាស្ថាបនិកក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប បានរៀបចំកម្មវិធីអញ្ជើញលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅធ្វើទស្សនកិច្ច នៅតំបន់អភិវឌ្ឍន៍កសិ-ឧស្សាហកម្មកែវផុស ក្នុងភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
គោលបំណងសំខាន់ៗ នៃដំណើរទស្សនកិច្ចនេះគឺ៖
* ទី១៖ ពិនិត្យ និងតាមដានពីវឌ្ឍន ភាពនៃវិស័យកសិ-ឧស្សាហកម្ម លើគ្រប់ខ្សែច្រវាក់ផលិតកម្ម (រោងចក្រផលិតចំណីសត្វអឹមភិក កសិដ្ឋានចិញ្ចឹមជ្រូកតាកឹង កសិដ្ឋានពាណិជ្ជកម្មទី៤ ចំការដូងប្រេង និងរោងចក្រកែច្នៃទី១ អន្លង់ក្រពើ)
* ទី២៖ ធ្វើការពិភាក្សារួមគ្នាក្នុងនាមរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងឆន្ទៈរួម គឺធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្ម កសិកម្មធានាសន្តិសុខស្បៀង ក្នុងកាលៈទេសៈដែលប្រទេសយើង កំពុងតែមានវិបត្តិបណ្តាលមកពីជំងឺឆ្លងសកលកូវីដ-១៩។
ក្នុងដំណើរទស្សនកិច្ចនោះ លោករដ្ឋមន្ត្រី វេង សាខុន និងលោកបណ្ឌិតម៉ុង ឫទ្ធី បានអញ្ជើញចុះពិនិត្យហើយទទួលបានព័ត៌មានដូចខាងក្រោម៖
១៖ រោងចក្រអាចផលិតចំណីសត្វគ្រប់ប្រភេទ បានប្រមាណ៦ពាន់តោនក្នុងមួយខែ ផ្គត់ផ្គងឲ្យកសិដ្ឋាន និងដៃគូសហការចិញ្ចឹម ដោយប្រើប្រាស់វត្ថុធាតុដើម ក្នុងស្រុកក្នុង១ខែមាន៖ ពោត៣០០០តោន កន្ទក់ និងកន្ទក់ស្រូវសាឡី៧០០តោន កាកស្រាបៀរ៤០០តោន និងដំឡូង១០០០តោន។ ក្រៅពីនេះ រោងចក្រ ក៏បាននាំចូលវត្ថុធាតុដើម ដើម្បីបំពេញឲ្យត្រូវការខ្វះខាត។ បច្ចុប្បន្នវត្ថុធាតុក្នុងស្រុក មានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឲ្យរោងចក្រ ហើយតម្លៃអាចទទួលយក បានទាំងអ្នកផលិត និងអ្នកប្រើប្រាស់។
២៖ កសិដ្ឋានចិញ្ចឹមជ្រូកតាកឹង៖ កសិដ្ឋានមានមេ-បាពូជចំនួន៩ពាន់ក្បាល ក្នុង១ឆ្នាំ អាចលក់កូនជ្រូកពូជជូនសហគមន៍បាន ៦០០០ក្បាល និងកូនជ្រូកសាច់ ៨០០០ក្បាល ហើយក្នុង១ខែអាចផ្គត់ផ្គង់ជ្រូកសាច់ ឲ្យទីផ្សារបាន១៤ពាន់ក្បាល អនាគតគ្រោងបង្កើនចំនួនផ្គត់ផ្គង់ជ្រូកសាច់ឲ្យទីផ្សារ១០០០ក្បាល ក្នុងមួយថ្ងៃ។ បច្ចុប្បន្នកសិដ្ឋាន ប្រើភ្លើងផលិតចេញពីលាមកជ្រូក (Biogas) អាចជួយកាត់បន្ថយផ្លៃដើម បានយ៉ាងល្អប្រសើរ។
៣៖ កសិដ្ឋានចិញ្ចឹមជ្រូកសាច់លើផ្ទៃដី ១០០ហិកតា បំពាក់ដោយឧបករណ៍ទំនើបស្វ័យប្រវត្តិ ប្រព័ន្ធការពារសុវត្ថិភាព -ល- កសិដ្ឋាននេះ មានផែនការផលិតជ្រូកសាច់ ឲ្យបាន១០០០ក្បាលក្នុង១ថ្ងៃ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក។
ដំណើរបេសកកម្មរបស់រដ្ឋមន្ត្រី វេង សាខុន នៅថ្ងៃនេះ ទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើន ហើយអត្ថប្រយោជន៍ទាំងអស់នេះ គឺជាសារដ៏សំខាន់ ដែលលោកទាំងពីរ ចង់ផ្ញើជូនទៅដល់អ្នកបរិភោគ អ្នកផលិត និងវិនិយោគិន គួរត្រឹះរិះពិចារណាច្បាមយកឱកាសមាសនេះ ដើម្បីរួមគ្នាធានា ឲ្យបាននូវសន្តិសុខស្បៀង ក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងជួបនូវវិបត្តិជំងឺ ឆ្លងសកលកូវីដ១៩ ហើយខ្លឹមសារសំខាន់ៗទាំងនោះ មានដូចខាងក្រោម៖
* ក្រុមហ៊ុនផលិតចំណីសត្វ ត្រូវខិតខំប្រើប្រាស់វត្ថុធាតុដើម ក្នុងស្រុកឲ្យអស់លទ្ធភាព ប្រយោជន៍ ជំរុញផលិតកម្មក្នុងស្រុក ធានាបរិមាណផ្គត់ផ្គង់ ស្តង់ដារ និងគុណភាព តាមតម្រូវការទីផ្សារ។ ឆ្លៀតយកឱកាសនេះ បង្កើតកាលានុវត្តភាព ឲ្យវិស័យកសិកម្ម កសិ-ឧស្សាហកម្ម បង្កើតការងារនៅមូលដ្ឋាន និងបង្កើនប្រាក់ចំណូល។
* អំពាវនាវឲ្យក្រុមហ៊ុនចិញ្ចឹមសត្វ និងផលិតចំណីសត្វ ត្រូវសហការគ្នាបង្កើនផលិតភាពផលិតកម្ម រួមគ្នាធានាឲ្យបាននូវសន្តិសុខស្បៀងទាំងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត និងជាពិសេស ដើម្បីស្រូបយកកំលាំងពលកម្មក្នុងស្រុកឲ្យអស់លទ្ធភាព។
* លើកទឹកចិត្តដល់ការវិនិយោគ លើវិស័យកសិកម្មក្នុងស្រុក ជាលក្ខណៈកសិដ្ឋានទំនើបបំពេញឲ្យ ខ្សែច្រវាក់ផលិតកម្ម (ចិញ្ចឹម ផលិតចំណី ផលិតវត្ថុធាតុដើម រោងចក្រកែច្នៃ ប្រើលាមកសត្វ ជាថាមពលផ្គត់ផ្គង់ឲ្យកសិដ្ឋាន និងផលិតជីកុំប៉ុស្តិ៍) កាត់បន្ថយការនាំចូល។
* ក្រុមហ៊ុនចិញ្ចឹមសត្វ ផលិតចំណីសត្វ ក្រុមហ៊ុន ឬអាជីវករលក់ ចែកចាយសាច់សត្វ ស៊ុត ផលិតផលមានដើមកំណើតពីសត្វ លក់ចែកចាយធាតុចូល កសិកម្មផ្សេងៗទៀត មិនត្រូវឆ្លៀត ឱកាសតម្លើងថ្លៃផលិតផល ដែលនាំឲ្យប៉ះពាល់ដល់ជីវភាពអ្នកបរិភោគ។
* អ្នកបរិភោគមិនគួរបារម្ភ អំពីការខ្វះខាតស្បៀង ក្រសួងសូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានបម្រុងស្បៀងទុកគ្រប់គ្រាន់ (អង្ករ ត្រី សាច់ និងបន្លែ) សម្រាប់ផ្គត់ផ្គង់ ឲ្យតម្រូវការរបស់អ្នកបរិភោគ។
ឆ្លៀតយកឱកាសនេះ លោកបណ្ឌិត ម៉ុង ឫទ្ធី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី និងសហការី ហើយកាន់តែពិសេសនោះ គឺនេះជាលើកទី១ ដែលលោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកធ្វើទស្សន កិច្ចនៅតំបន់កសិ-ឧស្សាហកម្មម៉ុង ឫទ្ធីកែវផុស បន្ទាប់ពី២៦ឆ្នាំនៃការចាប់បដិសន្ធិ។
ក្នុងនាមលោកជាសហប្រធានក្រុម «ក» លោកបណ្ឌិតថា នឹងបន្តសហការពេញលេញ ជាមួយក្រសួងកសិកម្ម ដើម្បីចូលរួមបង្កើតកាលានុវត្តភាព សម្រាប់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះពេលវេលា និងការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ របស់លោកបណ្ឌិត និងសហការី និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយ ឧត្តមគតិចូលរួមអភិវឌ្ឍវិស័យកសិកម្ម ក្នុងទិសដៅចែករំលែក និងទទួលខុសត្រូវរួមគ្នា ដើម្បីធានានូវសន្តិសុខស្បៀង កំណើន សេដ្ឋកិច្ច បង្កើតការងារ ចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រ៕