(ត្បូងឃ្មុំ)៖ លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ បានលើកឡើងថា វីរុសកូវីដ១៩ កំពុងតែរាតត្បាតយ៉ាងធ្ងន់ធ្ងរ នៅជុំញពិភពលោក ដូចនេះ យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសការទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍។
លោកបានលើកឡើងថា នៅជុំវិញពិភពលោកសឹងថា គ្មានប្រទេស ឬក៏ដែនដីណាមួយគេចផុតពីជម្ងឺកូវីដ១៩នេះឡើយ ដោយមានអ្នកឆ្លង និងអ្នកស្លាប់ជារៀងរាល់ថ្ងៃ ហើយសូម្បីតែប្រទេស ដែលមានវិជ្ជាពេទ្យទំនើបដូចជា បារាំង អាមេរិក អ៊ីតាលី ជាដើម ក៏បាន និងកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរពីជំងឺនេះផងដែរ។
លោកបន្តថា រហូតមទល់នឹងពេលនេះ ពិភពលោកមិនទាន់រកថ្នាំព្យាបាល ឬវ៉ាក់សាំងការពារវា ឃើញនៅឡើយទេ។ ដូច្នេះ យើងត្រូវរួមគ្នាទប់ស្កាត់ កុំឲ្យរីករាលដាល នៅក្នុងសហគមន៍ ដ្បិតកម្ពុជារហូតមកទល់នឹងពេលនេះ បានរកឃើញករណីឆ្លងជាង១០០នាក់ហើយ និងបានព្យាបាលឲ្យជា សះស្បើយជាបន្តបន្ទាប់ និងពុំទាន់មានករណីស្លាប់នៅឡើយទេ។
លោក កែវ ពិសិដ្ឋ បានថ្លែងបែបនេះ ខណៈលោកអញ្ជើញចុះសួរសុខទុក្ខ និងជួបជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ តាមបណ្តាភូមិនានា ក្នុងឃុំពពេល សុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។
តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំបានបន្តថា ទាំងអាជ្ញាធរមូលដ្ឋាន ទាំងបងប្អូនប្រជាពលរដ្ឋ ត្រូវតែរួមគ្នាទប់ស្កាត់វាឱ្យ ខាងតែបានដោយត្រូវអនុវត្ត ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយមិនត្រូវជួបជុំគ្នាច្រើន ត្រូវ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ដើម្បីសម្លាប់មេរោគ ហើយជាពិសេសអាជ្ញាធរ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ចំពោះអ្នកចំណូលថ្មី ជាពិសេសអ្នកដែលមកពីក្រៅប្រទេសមាន ពលករជាដើម ដោយត្រូវយកគាត់ទៅពិនិត្យរកមេរោគកូវីដ១៩ និងត្រូវដាក់ឱ្យគាត់ស្នាក់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃជាដើម។
លោក កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា ស្ថិតក្នុងគ្រាដ៏លំបាកនេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយស្រុកពញាក្រែក និងរូបលោកផ្ទាល់ ដែលជាអ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារចុះជួយឃុំ ពពេល បាននាំយកអំណោយ មួយចំនួនរួមមាន អង្ករ មី ទឹកស៊ីអ៊ីវ ក្រមា សាប៊ូ និងថវិកាជាដើម មកចែក ជូនពលរដ្ឋក្រីក្រចំនួន ៤២២គ្រួសារនៅឃុំពពេលនេះទុកគ្រាន់ដោះស្រាយការលំបាកខ្វះខាតមួយរយៈ ពេលខ្លី។
ក្នុងឱកាសនោះដែរ លោក កែវ ពិសិដ្ឋ ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន ដែលលោកទាំងទ្វេ តែងតែគិតគូជានិច្ចចំពោះពលរដ្ឋទូទៅ ជាពិសេសក្តីបារម្ភរបស់សម្តេច ចំពោះសុខភាពប្រជាជនៅក្នុងគ្រា ដែលជម្ងឺកូវីដ១៩ កំពុងរាតត្បាត មកលើពិភពលោកទាំងមូល៕