(ភ្នំពេញ)៖ ០៧ មករា ២០១៦ គឺជាថ្ងៃ ដែលមន្រ្តីរាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជាតាមរយៈការបោះឆ្នោតរបស់ប្រជាពល រដ្ឋ បានប្រារព្ធពិធីរំលឹកការទទួលបានជ័យជម្នះលើខ្មែរក្រហមកាលពី ៣៧ឆ្នាំមុនយ៉ាងមហោឡារឹក។ នៅក្នុងថ្ងៃប្រារព្ធទិវានេះ គេបាន មើលឃើញថា អ្នកនយោបាយខ្មែរនៅតែបានពុះថ្ងៃមួយនេះចេញជាពីរដាច់ដោយឡែកពីរគ្នា។

គណបក្សនយោបាយកំពុងកាន់តែអំណាច បានលើកតម្កើងថ្ងៃមួយនេះថា ជាដ៏មហស្ចារ្យដែលបានរំដោះជីវិតប្រជាពលរដ្ឋខ្មែរចេញពី ជ្រោះមរណនរកអវចី ឬហៅថ្ងៃនេះថា ជាកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរ។ តែថ្នាក់ដឹកនាំបក្សប្រឆាំង គឺគណបក្សសង្រ្គោះជាតិ រាប់ចាប់ពីលោក សម រង្ស៊ី ប្រធានបក្ស ចុះទៅមិនបានលើកតម្កើងថ្ងៃរំដោះមួយនេះឡើយ ហើយតែងតែព្យាយាមបង្វែស្ថានការណ៍ និង ហៅថ្ងៃនេះថា ជាថ្ងៃដែលវៀតណាម ចូលមកគ្រប់គ្រងប្រទេសកម្ពុជា ហើយហ៊ានហៅរបបវាលពិឃាតសម្លាប់ពលរដ្ឋខ្មែរជាង២លាន នាក់ក្នុងចំណោម ៧លាននាក់ថា ជាឆាកល្ខោនរៀបចំដោយវៀតណាមថែមទៀតផង។

ចុះលោក ហ្រ្វង់ ស្វ័រតាន់ អ្នកគ្រប់គ្រងការផ្សាយវិទ្យុបារាំងផ្នែកខេមរភាសានៅក្នុងប្រទេសកម្ពុជា ដែលគេស្គាល់ថា ជាបុគ្គលឯករាជ្យ មួយរូប និងជាអ្នកបានជ្រូតជ្រាបយ៉ាងច្បាស់ពីបញ្ហាសកល និងបញ្ហាក្នុងប្រទេសកម្ពុជាដែរនោះ នឹងយល់ឃើញយ៉ាងណា ចំពោះថ្ងៃ ០៧ មករានេះ។ ខាងក្រោមនេះ គឺជាការពន្យល់ និង បកស្រាយរបស់លោក ហ្រ្វង់ ស្វ័រតាន់ ទៅលើថ្ងៃ០៧ មករា ដែលមានខ្លឹមសារ ទាំងស្រុង៖

១/តើអ្វីទៅ៧មករា១៩៧៩?
ខ្មែរក្នុងនាមជាមនុស្ស ត្រូវយល់ថា៖ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់មនុស្សរាប់លាន នាក់ដែលត្រូវបានរំដោះពីការកាប់សម្លាប់ របស់មនុស្សមួយក្រុមសាហាវព្រៃផ្សៃជាទីបំផុត។ នៅក្នុងន័យនេះ មិនបាច់គិតថា អ្នកណាជា «ខ្មែរ» តែក្រហម ឬ អ្នកណាជា «ខ្មែរអា យ៉ងយួន» ឬអ្នកណាជា «យួន» ទេ។ អ្វីដែលសំខាន់ គឺបើគ្មាន ៧ មករា ១៩៧៩ទេ មនុស្សរាប់លាននាក់ ដែលរស់កាលសម័យនោះ នៅលើទឹកដីកម្ពុជា នឹងច្បាស់ជាស្លាប់គ្មានសល់ម្នាក់ទេ។ យុវជនបច្ចុប្បន្នត្រូវដឹងថា តែក្នុងរយៈពេលជាង ៣ឆ្នាំប៉ុណ្ណោះ មនុស្សមួយ ក្រុម រួមជាមួយយោធារបស់ពួកវា បានធ្វើឲ្យមនុស្សជាង ២លាននាក់ ក្នុងចំណោម ៧លាននាក់ស្លាប់រង្គាលដូចសត្វធាតុ។ ត្រង់នេះ មិនចាំបាច់ស្តាប់អ្នកនយោបាយទេ ហើយក៏មិនចាំបាច់ជឿខ្ញុំទេ ទៅសួរប៉ាម៉ាក់ ជីដូនជីតា របស់អ្នកទៅ យុវវ័យអើយ អ្នកនឹងយល់ដឹង ការពិត។

២/ តើអ្វីទៅ៧ មករា ១៩៧៩?
ខ្មែរក្នុងនាមជាជាតិសាសន៍មួយ ត្រូវដឹងថា៖ ជាថ្ងៃដែលកងទ័ពវៀតណាម ចូលរួមដោយពួកខ្មែរវៀតមិញ និងពួកខ្មែរក្រហម បះបោរ ដែលគេហៅថា ពួកខ្មែរបូព៌ា បានរំលំរបបកម្ពុជា ប្រជាធិបតេយ្យរបស់ ប៉ុល ពត។ នៅក្នុងន័យនេះ មិនបាច់គិតថា វៀតណាមមករំដោះ ខ្មែរ ឬ មកជួយខ្មែរ ដើម្បីរំដោះខ្មែរនោះទេ។ ហើយ ក៏មិនចាំបាច់គិតដែរថា វៀតណាមមានគុណ ឬគ្មានគុណមកលើខ្មែរ។ អ្វីដែល សំខាន់ គឺ ៧ មករា ១៩៧៩ ជាថ្ងៃផ្តើមឡើង នៃអាណានិគមកិច្ចរបស់វៀតណាម មកលើកម្ពុជា។

៣/ តើអ្វីទៅ៧ មករា ១៩៧៩?
ខ្មែរក្នុងនាមជាខ្មែរដូចគ្នា ត្រូវយល់ដឹងថា៖ ជាថ្ងៃដែលខ្មែរផ្តើមបែកបាក់គ្នាខ្លាំងតរហូតមកទល់សព្វថ្ងៃ ត្បិតអ្នកនយោបាយទាំងសងខាង បកស្រាយយកត្រូវរៀងខ្លួន និងអូសទាញរាស្ត្រខ្មែរឲ្យយល់តាមពួកគេរៀងៗខ្លួន។ ម្ខាងថា ជាថ្ងៃរំដោះពីការស្លាប់ រីឯម្ខាងទៀតថា ជា ថ្ងៃវៀតណាមចូលកាន់កាប់កម្ពុជា។ ម្ខាងលើកតម្កើង ៧ មករា រីឯម្ខាងទៀត ឲ្យតម្លៃទៅលើតែ ២៣ តុលា។
យុវវ័យអើយ គួរសង្វាតអានលទ្ធផលស្រាវជ្រាវ របស់អ្នកជំនាញ(ជនជាតិបរទេស)ខាងបញ្ហាខ្មែរ មួយចំនួន រួមមានជាអាទិ៍David P. Chandler, Stephen Heder, Ben Kiernan, Elizabeth Becker, Nicolas Regaud...។

ពីព្រោះប្រភពធំជាងគេ នៃទុក្ខវេទនារបស់ខ្មែរ គឺសង្គ្រាមត្រជាក់ គឺបរទេស មិនមែនខ្មែរគ្នាឯងទេ។ បើខ្មែរច្បាំងតែជាមួយខ្មែរ (បិទទ្វារវ៉ៃគ្នាក្នុងផ្ទះ) គ្មានទេរដ្ឋប្រហាររបស់ លន់ នល់ គ្មានទេជ័យជម្នះរបស់ខ្មែរក្រហម។ បើខ្មែរច្បាំងតែ ជាមួយខ្មែរ របបខ្មែរក្រហមមិនរលំទេ។ បើខ្មែរច្បាំង តែជាមួយខ្មែរ ចលនាតស៊ូគ្មានអាវុធទេ ហើយកម្លាំងខ្មែរក្រហម ក៏មិនអាចរស់ ឡើងវិញ បានដែរ។ បើខ្មែរចរចាតែជាមួយខ្មែរ ដោយគ្មានការត្រូវរ៉ូវគ្នារវាងបណ្តាមហាអំណាចនៅពេល ដែលសង្គ្រាមត្រជាក់ជិតរលត់ទេ គ្មានទេកិច្ចព្រមព្រៀងប៉ារីស៕