(ព្រៃវែង)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង និងលោកអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង រួមទាំងលោកអភិបាលស្រុកពារាំង អាជ្ញាធរមូលដ្ឋាន និងក្រុមការងារសុខាភិបាលស្រុកពារាំង នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ បានចុះសួរសុខទុក្ខបងប្អូនពលករចំណាកស្រុក មកពីក្រៅប្រទេស ដែលរស់នៅដាច់ដោយឡែកពីគេ ចំនួន១៤ថ្ងៃ ដើម្បីពិនិត្យតាមដានសុខភាពរបស់ពួកគាត់ និងបាននាំក្រុមជំនាញបាញ់ថ្នាំសម្លាប់មេរោគ នៅតាមខ្នងផ្ទះ បន្ទប់ដាច់ដោយឡែកសាលារៀន តាមឃុំទាំង៩ ទូទាំងស្រុកពារាំង ដែលបានរៀបចំ សម្រាប់បងប្អូនពលករមកពីក្រៅប្រទេសស្នាក់នៅ និងកន្លែងចាំទទួលអ្នកដែលមិនទាន់មកដល់។

ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកពារាំងទាំងមូល នូវកត្តាសំខាន់ៗ ៣៖

* ទី១៖ ឲ្យចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល សូមកុំឲ្យមានការធ្វើដំណើរទៅណាមកណា ធ្លងពីខេត្តមួយទៅខេត្ត។ ហើយ ក៏ចលនាអប់រំថែរក្សាអនាម័យ លៀងសម្អាតដៃនិងសាប៊ូ ឲ្យបានញឹកញាប់ ការរស់នៅស្អាត ត្រូវគោរពទៅតាមការណែនាំរបស់គ្រូពេទ្យ
* ទី២៖ អប់រំបងប្អូនប្រជាពលរដ្ឋ ក្នុងចូលឆ្នាំថ្មីនេះ សូមកុំឲ្យប្រមូលផ្ដុំគ្នាច្រើនលេងល្បែងកំសាន្ត ប្រជាប្រិយផ្សេងៗ នៅតាមទីវត្តអារ៉ាម ឬមួយប្រមូលផ្ដុំគ្នាច្រើន ក្នុងការជប់លៀងផឹកស៊ី នៅតាមគេហដ្ឋាន
* ទី៣៖ អ្នកដែលបាននៅដាច់ដោយឡែកគ្រប់១៤ថ្ងៃ ហើយក៏បានចេញទៅវិញ ក៏ត្រូវខិតខំថែរក្សាអនាម័យបន្តទៅទៀត ចំពោះអ្នកដែលមិនទាន់គ្រប់១៤ថ្ងៃ គឺនៅបន្តក្នុងការងារពិនិត្យតាមដានសុខភាពឲ្យគ្រប់១៤ថ្ងៃសិន មិនត្រូវចេញទៅណា មកណាទេ ដើម្បីបង្ការ ជៀសវាងការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩។

ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានឧបត្ថម្ភទឹកក្រូចចំនួន៥០០កេស ទៅសាលាស្រុក៥០កេស និងឃុំទាំង៩ ក្នុង១ឃុំទទួលបាន៥០កេស សរុបជាថវិកា អស់៣,២៥០ដុល្លារ និងក្រុមជួយបាញ់ថ្នាំសម្លាប់មេរោគ ថវិកា៥០០,០០០រៀល៕