(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋានគរបាលជាតិ លោកឧត្តសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានថ្លែងឲ្យដឹងថា បន្ទាប់ពីច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីត្រូវបានដាក់ឲ្យអនុវត្ត អត្រាគ្រោះថ្នាក់ចរាចរបានថយចុះប្រមាណ ១៩ភាគរយ ខណៈបទល្មើសឧក្រិដ្ឋវិញថយចុះរហូតដល់ ទៅ ៥០ភាគរយ។ នេះបើយោងតាមការប្រៀបធៀបទិន្នន័យក្នុងរយៈពេល ៦ថ្ងៃមុន និងក្រោយ នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។
លោក គៀត ច័ន្ទថារិទ្ធ បានអះអាងថា នៅ ៦ថ្ងៃមុនអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មានគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសកើតឡើង ចំនួន ៧២លើក តែក្រោយពេលអនុវត្តរយៈពេល ៦ថ្ងៃមក អត្រាគ្រោះថ្នាក់ចរាចរធ្លាក់មកនៅត្រឹម ៥៨លើក ថយចុះចំនួន ១៤លើក។ ក្នុងនោះអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ ក៏បានថយចុះផងដែរ ថយពី ៣៧នាក់ មកនៅត្រឹម ៣០នាក់។
លោឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ក៏បានបញ្ជាក់ផងដែរថា៖ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ក៏បានចូលរួមកាត់បន្ថយបទល្មើសផងដែរ។ ក្នុងនោះបទល្មើសឧក្រិដ្ឋ បានថយចុះរហូតដល់ ៥០ភាគរយ។
សូមបញ្ជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦មក ទោះមានការប្រតិកម្មទៅលើចំណុច មួយចំនួន នៃច្បាប់នេះក្តី តែនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញជំហហើយថា ត្រូវតែអនុវត្តន៍បន្តដោយមិនរា ថយឡើយ។ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានគេរំពឹងនឹងក្លាយជាឱសថដាស់ស្មារតីឲ្យពលរដ្ឋកម្ពុជាចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ ដែលបានឆក់យកជីវិតប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ ក្នុងនោះជាមធ្យម មានអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍មិនក្រោម ៥នាក់ឡើយក្នុងមួយថ្ងៃ៕
៦ថ្ងៃ នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី៖ យានយន្តល្មើសច្បាប់ជាង ៤ម៉ឺនគ្រឿង ទទួលប្រាក់ពិន័យជាង ៤១០លានរៀល។
Posted by Fresh News on Thursday, January 7, 2016