(កូរ៉េខាងត្បូង)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានចេញសេចក្ដីជូនដំណឹងថ្មីមួយ បង្ហាញពីវិធានការណ៍រឹតបន្ដឹងបន្ថែម ក្នុងការចូលសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 នៅក្នុងប្រទេសមួយនេះ។

តាមរយៈសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហាញថា រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានចេញវិធានការណ៍រឹតបន្ដឹងចំនួន០២បន្ថែមទៀត រួមមាន៖

*ទី១៖ បានធ្វើមោឃៈភាពជាបណ្ដោះអាសន្ន ចំពោះទិដ្ឋាការរយៈពេលខ្លី ចូលសាធារណរដ្ឋកូរ៉េ ដែលនៅមានសុពលភាព (all valid single and multiple short-term visas) ប្រភេទ C1 និង C3 ដែលបានចេញដោយស្ថានទូតកូរ៉េនៅបរទេស មុនឬត្រឹមថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ហើយវិធានការណ៍នេះ នឹងចូលជាធរមាននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០០៖០០នាទីតទៅ។

*ទី២៖ សម្រាប់ជនបរទេសទាំងឡាយណា ដែលស្ថិតក្នុងលក្ខខណ្ឌខាងលើ ហើយមានបំណង ចូលសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០ នេះតទៅ ត្រូវស្នើសុំទិដ្ឋាការប្រភេទថ្មី សាជាថ្មីម្ដងទៀត នៅស្ថានទូតកូរ៉េប្រចាំនៅបរទេស។

គួរជម្រាបថា អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ខ្លួនបានរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន៣០ករណីបន្ថែមទៀត នៅទូទាំងប្រទេស ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះកើនដល់ ១០,៤៨០ករណី៕