(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល បាននាំយកនូវសម្ភារមួយចំនួន រួមមាន៖ អង្ករ ក្រមា សាប៊ូ ទឹកអាល់កុល ម៉ាស សារអប់រំសុខភាព និងថវិកាមួយចំនួន ដែលជាអំណោយរបស់លោក លី ធុជ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកអាជ្ញាធរមីន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករំដួល ទៅប្រគល់ជូនដល់ក្រុមប្រឹក្សាឃុំ និងមេភូមិទាំង៩ ក្នុងឃុំពងទឹក សម្រាប់យកទៅចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
ក្នុងឱកាសនោះ លោក រស់ ផារិទ្ធ ក៏បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រជាពលរដ្ឋពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងលោកទេសរដ្ឋមន្ត្រី លី ធុជ ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន នៅឃុំពងទឹកផងដែរ។
លោកបានបន្តថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ថ្នាក់ជាតិ និងគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ថ្នាក់ខេត្ត ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសការដាក់ ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ ដោយស្ម័គ្រចិត្ត សម្រាប់អ្នកដែលទើបត្រឡប់ពីធ្វើការក្រៅខេត្ត និងក្រៅប្រទេស ដើម្បីសុវត្ថិភាពក្រុមគ្រួសារ និងសង្គមជាតិទាំងអស់គ្នា៕