(កំពង់ចាម)៖ លោក ឈុន ស្រ៊ា ម្ចាស់សាខាប្រេងឥន្ធនៈតេលា សាខាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ បាននាំយកអំណោយ ជាអង្ករគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនទៀត ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ខេត្តកំពង់ចាម ដើម្បីចូលរួមប្រឆាំងនឹងជំងឺកូវីដ១៩។

អំណោយដែលបានផ្ដល់ជូន រដ្ឋបាលខេត្តកំពង់ចាមរួមមាន៖ អង្កចំនួន៣តោន ម៉ាស់៥,០០០, ក្រម៉ា៥០០, មី៣កេសធំ និងអាលកុល៨កាន ស្មើនឹង២៤០លីត្រ ផ្តល់ជូន គណៈកម្មការប្រយុទ្ធជំងឺកូវីដ ១៩ ខេត្តកំពង់ចាម សម្រាប់ចាត់ចែងក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ការរីករាលដាល នៃវីរុសកូរ៉ូណា (កូវីដ១៩)។

ស្ថិតក្នុងឱកាសនោះ បន្ទាប់ពីថ្លែងអំណរគុណដល់ម្ចាស់អំណោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ខេត្ត បានលើកឡើងដែរថា អំណោយដែលសាខាប្រេងឥន្ធនៈតេលា បានប្រគល់ជូននាពេលនេះ គឺជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាការជួយ រំលែកទុក្ខលំបាកការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ។

ជាពិសេសបងប្អូនពលករដែលទើបតែត្រឡប់មកពីក្រៅប្រទេសវិញ និងក្រុមការងារចុះបំពេញបេសកកម្មការពារទប់ស្កាត់ ការរីករាលដាល នៃវីរុសកូវីដ១៩ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការអំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និង បងប្អូនប្រជាពលរដ្ឋ ដើម្បីរួមគ្នាប្រយុទ្ធ ទប់ស្កាត់ ការរីករាលដាល នៃវីរុសកូរ៉ូណា (កូវីដ១៩) ដែលជាជំងឺរាតត្បាតលើសកលលោក ក្នុងពេលបច្ចុប្បន្ន៕