(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងជម្រាបជូនប្រជាពលរដ្ឋ ឲ្យយល់ដឹងពីវីធីការពារ ការប្រយុទ្ធប្រឆាំងនិងវិធីការពារនៃជំងឺ COVID-19 នៅឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជាមួយគ្នានេះ ក្រុមការងារ ក៏បាននាំអំណោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តបាត់ដំបង យកទៅចែក ជូនដល់ពលរដ្ឋ៨គ្រួសារ ដោយសារខ្យល់កន្រ្តាក់ មានភូមិចំនួន៥ នៅក្នុងឃុំតាម៉ឺន ក្នុងស្រុកថ្មគោល កន្លងទៅថ្មីៗនេះ។

នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានជម្រាបជូន ទៅប្រជាពលរដ្ឋនៅក្នុងឃុំតាម៉ឺនថា យើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ខណៈពេលដែលពលរដ្ឋទើបមកពីធ្វើការ នៅជាយដែនកម្ពុជា-ថៃ និងអ្នករស់នៅក្នុងភូមិ ត្រូវយល់ដឹងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយសភាពការបច្ចុប្បន្នជំងឺ Covid-19 ថ្មីកំពុងរីករាលដាល លើពិភពលោកយ៉ាងលឿន និងសាហាវបំផុត ឯនៅកម្ពុជាប្រជាពលរដ្ឋយើង បានឆ្លងពីប្រទេសគេ តាមរយៈការប្រាស្រ័យទាក់ទងគ្នា ជាមួយអ្នកផ្ទុកមេរោគនេះ ហើយបាននាំចូលក្នុងស្រុកខ្មែរផងដែរ។

នាយឧត្តមសេនីយ៍បានបន្ដថា នៅឃុំតាម៉ឺនយើងនេះ មិនទាន់មានការឆ្លងជំងឺនេះនៅឡើយទេ ដូចនេះហើយ យើងក៏មិនត្រូវធ្វេសប្រហែសដែរ ហើយត្រូវចេះការពារ ពីការប្រយុទ្ធប្រឆាំងជំងឺ Covid-19 នេះ តាមការណែនាំរបស់ក្រសួង សុខាភិបាលកម្ពុជា និងនាំគ្នាទប់ស្កាត់ កុំឲ្យមានការឆ្លង ដល់ពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន។

លោកបានបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ Covid-19 ដូចជា ត្រូវលាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ, ខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយប្រើក្រមា ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាម ឲ្យបានត្រឹមត្រូវ, ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយ អ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ឬអ្នកជម្ងឺ, ពេលមិនទាន់លាងដៃសូមកុំប៉ះពាល់ភ្នែក ច្រមុះ ឬមាត់, បរិភោគអាហារ ដែលចម្អិនបានឆ្អិនល្អ, ស្វាគមន៍គ្នាដោយសំពះ ជំនួសការចាប់ដៃ។ សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យសូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ដោយឥតគិតថ្លៃ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត»។

ក្នុងឱកាសណែនាំតាមវិធីការពារនេះដែរ លោក សួស អង្គារ៍ ក៏បាននាំអំណោយសម្តេចក្រឡាហោម ស ខេង យកទៅចែក ជូនដល់ពលរដ្ឋ៨គ្រួសារ ដោយសារខ្យល់កន្រ្ទាក់មានភូមិចំនួន៥ នៅក្នុងឃុំតាម៉ឺន ក្នុងស្រុកថ្មគោលកន្លងទៅថ្មីៗនេះ។ ដោយបានផ្តល់អំណោយដល់ប្រជាពលរដ្ឋ នៅភូមិទាំង៥មាន ៨គ្រួសារ រងគ្រោះដោយសារខ្យល់កន្រ្តាក់នេះ ដោយម្នាក់ៗទទួលបាន អង្ករ៥០គីឡូក្រាម តង់១ ត្រីខកំប៉ុង១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១ធុងធំ និងថវិកា១២ម៉ឺនរៀល។

លោកបានផ្តាំផ្ញើទៀតថា នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ យើងធ្វើនៅតាមផ្ទះរៀងៗខ្លួន កុំដើរលេងឆ្ងាយ គឺនៅតែផ្ទះប្រសើបំផុតពិសេស ហាមកុំឲ្យមានការជួបជុំគ្នា ដែលមានមនុស្សច្រើន ឬ មានអ្នកកើតជំងឺនេះ សូមកុំទៅជិតឲ្យសោះ គឺគាត់ត្រូវស្ម័គ្រចិត្តដាក់ខ្លួនឯង ឲ្យនៅដោយឡែកពីគេ រយៈពេល១៤ថ្ងៃសិន ក្នុងករណី តស៊ូ ទ្រាំ អត់ធ្មត់បំផុត ទើបជួបក្រុមគ្រួសារបាន គឺចៀសវាងឪពុក ម្តាយ ឬកូននាំមេរោគមកចម្លងក្រុមគ្រួសារ ឲ្យគ្នាទៅវិញទៅមក នាំអន្តរាយដល់គ្រួសារយើង ឲ្យរួចផុតពីជំងឺដ៏សាហាវមួយនេះ។

បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ និងជនក្រីក្រ ក្នុងឃុំតាម៉ឺនទាំង៨នាក់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែដឹងសុខទុក្ខ និងបានជួយប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង៕