(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន ជំរុញឲ្យប្រជាពលរដ្ឋគិតគូរយកចិត្តទុកដាក់ថែរក្សាសុខភាព និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល នុងជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការបង្កា និងទប់ស្កាត់ការរីករាលដាលជាសកលនៃវីរុសប្រភេទថ្មី Covid-19។
ការជំរុញនេះធ្វើឡើងខណៈលោក ថេង សុថុលអភិបាលខណ្ឌចំការមន អញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មានទីលំនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ក្នុងបរិវេណវត្តថាន់។
លោក ថេង សុថុល បានណែនាំដល់ប្រជាពលរដ្ឋបើមិនមានការចាំបាច់ទេ គួរគប្បីកុំធ្វើដំណើរចេញពីផ្ទះ ហើយត្រូវស្តាប់ការចាក់ផ្សព្វផ្សាយតាមមេក្រូ នៅក្នុងភូមិសង្កាត់នាសព្វថ្ងៃនេះ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដែលឱ្យយើងចេះ ថែទាំ សុខភាពឱ្យបានល្អ ដើម្បីទប់ស្កាត់ការឆ្លងមេរោគ COVID-19 គឺត្រូវរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកអភិបាលខណ្ឌចំការមន ក៏បានបន្ថែមឲ្យដឹងទៀតថា ដើម្បីចូលរួមបង្ការទប់ស្កាត់ នូវវីរុស COVID-19 នេះសូមឲ្យប្រជាពលរដ្ឋជឿជាក់ ដោយទុកចិត្តមកលើ ការដឹកនាំ និងធ្វើទៅតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលពីវិធានការក្នុងការការពារនៃការឆ្លងមេរោគកូវីដ១៩នេះ។
ក្នុងឱកាសនោះដែរ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ គឺការហូបស្អាត ផឹកស្អាត រស់នៅស្អាត កន្លែងធ្វើការងារស្អាត ដើម្បី ជៀសផុតនូវការឆ្លង និងការរីករាលដាល នៃវីរុស COVID-19 នេះ។
ជាមួយគ្នានេះ ព្រះគ្រូចៅអធិការវត្ត មានសង្ឃដិកាណែនាំដល់ពុទ្ឋបរិស័ទដែលមកទទួលអំណោយថា «បើយើងមិនស្រឡាញ់ខ្លួនឯងទេ មិនគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលទេ ចេះតែជួបជុំគ្នាច្រើន ហើយមិនលាងដៃ មិនធ្វើអនាម័យជាប្រចាំទេ អានឹងនោះដោយជំងឺហើយ នោះឆ្លងដល់កូនចៅទាំងអស់មួយគ្រួសារ ហើយបើមានជំងឺកូវីដ១៩ នឹងហើយ គ្មាននរណាហ៊ានទៅមើលញាតិញោមនោះទេ ហើយបើដល់ពេលស្លាប់ទៀត ហើយក៏គ្មាននរណាទៅបុណ្យសពទេ។ ចឹងគ្រោះខ្លាំងណាស់។ ដូច្នេះសូមញាតិញោមគោរពតាមការណែនាំ រាជរដ្ឋាភិបាល ក៏ដូចរបស់សម្តេចសង្ឃ គឺត្រូវចេះអនាម័យខ្លួនឯង នាំមកនូវសុខភាពល្អ»។
គួរបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋមាន ចំនួន ៥៣គ្រួសារ គឺជាទេយ្យទាន ដែលទទួលបានពីព្រះគ្រូចៅអធិការវត្ត គណៈកម្មការ ព្រះសង្ឃ និងអាចារ្យនៃ វត្តនួនមណីរាម ហៅវត្តថាន់ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ៥កំប៉ុង សារុង១ និងថវិកា ៣ម៉ឺនរៀល ផងដែរ៕