(ភ្នំពេញ)៖ ប្រតិបត្តិការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលជាច្បាប់មួយ ដ៏តឹងរឹង ដើម្បីធានាបានការបន្ថយអត្រាមរណៈ ដោយសារ គ្រោះថ្នាក់ចរាចរនោះ កម្លាំងនគរបាលចរាចរណ៍នៅទូទាំងប្រទេស បានត្រួតពិនិត្យយានយន្តលើដងផ្លូវបានជាង ១៥ម៉ឺនគ្រឿង ក្នុង នោះរកឃើញយានយន្តល្មើសច្បាប់ជាង ៤ម៉ឺនគ្រឿង។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ ២០១៦ថា ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីរយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី០១-០៦ ខែមករា ឆ្នាំ២០១៦នេះ មានយានយន្ត ១៥២.០ ៥៣ គ្រឿងត្រូវបានពិនិត្យ ក្នុងនោះរថយន្ត ៥៨.៦៤៦គ្រឿង និង ម៉ូតូ ៩៣.៤០៧គ្រឿង។
ក្នុងចំណោមយានយន្ត ដែលបានពិនិត្យជាង ១៥ម៉ឺនគ្រឿងនេះ មានយានយន្តប្រមាណ ២៧,៣៣ភាគរយ ស្មើ ៤១.៥៦១គ្រឿង តែ ប៉ុណ្ណោះរកឃើញថា ល្មើសច្បាប់។ យានយន្តល្មើសច្បាប់នេះ មានរថយន្ត ១៩.៤៣៧គ្រឿង និងម៉ូតូ ២២.១២៤គ្រឿង។
យានយន្ត ដែលល្មើសច្បាប់នេះ មានយានយន្ត ២២.២៤២គ្រឿង ស្មើ ៥៣,៥១ភាគរយ ត្រូវបានធ្វើការអប់រំ។ រីឯយានយន្តជិត ២ម៉ឺនគ្រឿង ត្រូវបានពិន័យ។ ប្រាក់ទទួលបានពីការផាកពិន័យយានយន្តល្មើសច្បាប់នេះ មានចំនួនជាង ៤១០លានរៀល។
តែទោះជាយ៉ាងណា លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានមើលឃើញពីសញ្ញាណល្អ នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដោយសារមានប្រជាពលរដ្ឋច្រើនលើសលុប បានចូលរួមគោរពច្បាប់ចរាចរណ៍។ ជាពិសេសច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ក៏បានដាស់ ស្មារតីប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ។
លោក គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីចាប់ផ្តើមអនុវត្តន៍ មានប្រជាពលរដ្ឋខ្មែរជាច្រើនបានភ្ញាក់រលឹក នាំយករថយន្តរបស់ខ្លួនទៅពិនិត្យលក្ខណៈបច្ចេកទេស ហើយម្ចាស់យានយន្តជាច្រើនបាននាំយកយានយន្តរបស់ខ្លួនទៅធ្វើស្លាកលេខ ជាដើម។
លោក គៀត ច័ន្ទថារិទ្ធ បានទទូចឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តន៍ និងគោរពតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដើម្បីកាត់បន្ថយ អត្រាមរណៈ ដោយសារគ្រោះថ្នាក់ចរាចរណ៍លើដងវិថី ដែលកំពុងក្លាយជាប្រការ ដ៏បារម្ភមួយនាពេលបច្ចុប្បន្ន៕
៦ថ្ងៃ នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី៖ យានយន្តល្មើសច្បាប់ជាង ៤ម៉ឺនគ្រឿង ទទួលប្រាក់ពិន័យជាង ៤១០លានរៀល។
Posted by Fresh News on Thursday, January 7, 2016